(ភ្នំពេញ)៖ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី គោលនយោបាយកម្មសិទ្ធិបញ្ញា នីតិវិធី និងការស៊ើបអង្កេតផលិតផលក្លែងក្លាយ ជាមួយសមាគមកម្មសិទ្ធិបញ្ញាជប៉ុន។

កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី គោលនយោបាយកម្មសិទ្ធិបញ្ញា នីតិវិធី និងការស៊ើបអង្កេតផលិតផលក្លែងក្លាយខាងលើនេះ បានរៀបចំធ្វើឡើងក្រោមវត្ដមាន នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងរីករាយស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូសមាគមកម្មសិទ្ធិបញ្ញាជប៉ុន ដែលបានចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី គោលនយោបាយកម្មសិទ្ធិបញ្ញា នីតិវិធី និងការស៊ើបអង្កេតផលិតផលក្លែងក្លាយនេះ។

លោក គន្ធ សុធីរ មេធាវីនៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើបទបង្ហាញ អំពីការងារ គ.ប.ផ.ក ការចារាចរ ផលិតតាមបណ្តាញទំនាក់ទំនងសង្គម និងនីតិវិធីអនុវត្តច្បាប់ និងតំណាងក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីការងារចុះបញ្ជីពាណិជ្ជកម្ម កម្មសិទ្ធបញ្ញា និងការចុះត្រួតពិនិត្យពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ជូនគណៈប្រតិភូសមាគមកម្មសិទ្ធិបញ្ញាជប៉ុន និងអង្គពិធីទាំងមូល។

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានលើកឡើងអំពីករណីបង្ក្រាបពាក់ព័ន្ធ កម្មសិទ្ធបញ្ញា វិធានការចំពោះការចរាចរ ទំនិញក្លែងក្លាយ ការផ្សព្វផ្សាយអប់រំ ការអនុត្តនីតិវិធី និងលទ្ធផលករណីបង្ក្រាប បទល្មើសកម្មសិទ្ធិបញ្ញា ពីឆ្នាំ២០១៧ ដល់២០១៩។

ដោយឡែកតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើង អំពីការចុះបញ្ជីការគយការបង្ក្រាប ទាក់ទងកម្មសិទ្ធិបញ្ញា និងនីតិវិធី ការពង្រឹងវិធានការតាមច្រកទ្វាព្រំដែន ការចាត់ចែងលើការនាំចូល និងលទ្ធផលការងារទាក់ទង និងការរំលោភលើកម្មសិទ្ធិបញ្ញា ពីឆ្នាំ២០១៧ ដល់២០១៩៕