(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការប្រឡង NBC– FSI Connect លើកទី២៥។
វគ្គ Financial Stability Institute របស់ធនាគារជាតិនៃកម្ពុជា (NBC-FSI Connect) ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតឡើងក្រោម ការផ្តួចផ្តើមរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីកសាងសមត្ថភាពធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុង ដែលមានស្រាប់ ជាពិសេសដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាមការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ អំពីការត្រួតពិនិត្យធនាគារ។
វគ្គ NBC-FSI Connect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបីកម្រិត គឺកម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ។ នៅខែមិថុនា ឆ្នាំ២០១៦នេះ ធនាគារជាតិនៃកម្ពុជា បានទិញសិទ្ធិសិក្សាជូនមន្ត្រីបុគ្គលិកសរុបប្រមាណ២៣៧រូប និងដាក់ឱ្យដំណើរការសិក្សា និងបានរៀបចំឱ្យប្រឡងជាផ្លូវការជាបន្តបន្ទាប់ ។
ដើម្បីធានាគុណភាពសិក្សា គណៈកម្មការគ្រប់គ្រងវគ្គមួយត្រូវបានបង្កើតឡើង សម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាមវគ្គនេះ ដែលមានការគាំទ្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ។ សិក្ខាកាមទាំងអស់ត្រូវបានតម្រូវឱ្យប្រឡងជាផ្លូវការចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ លោកទេសាភិបាល រាល់ពេលបញ្ចប់មុខវិជ្ជានីមួយៗ រហូតដល់ពេលបញ្ចប់កម្រិតទាំងបី។
សូមបញ្ជាក់ថា វគ្គនេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមាន ស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ។
បច្ចុប្បន្ននេះ ធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ សាធារណៈជាង៣០០ នៅលើពិភពលោក បានទិញសិទ្ធិសិក្សាជូនមន្ត្រីខ្លួនដើម្បីលើកកម្ពស់ គុណវុឌ្ឍិផ្នែកត្រួតពិនិត្យធនាគារ ហើយមានសិក្ខាកាមសរុបចំនួនជាង១០,០០០នាក់កំពុងសិក្សា ។
ថ្ងៃនេះសិក្ខាកាមចំនួនា៦២រូប ដែលបានចូលរួមប្រឡងវគ្គ NBC-FSI Connect ក្នុងនោះមាន កម្រិតខ្ពស់ចំនួន៨រូប កំរិតមធ្យមចំនួន២៥រូប និងកំរិតបឋមចំនួន២៩រូប ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់លោកទេសាភិបាល៕