(ភ្នំពេញ)៖ អង្គការអន្តរជាតិ នៃមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល អាស៊ីអាគ្នេយ៍-កម្ពុជា (SEAPC-C) ដែលមានមូលដ្ឋាន នៅទីក្រុងអូកមុន (oakmont) រដ្ឋភិនស៊ីលវិនណៀ សហរដ្ឋអាមេរិក បានសន្យាថា នឹងខិតខំគៀងគរអ្នកវិនិយោគអន្តរជាតិ ឲ្យមកធ្វើការវិនិយោគ នៅខេត្តបន្ទាយមានជ័យ ឲ្យកាន់តែរីកចំរើនលើគ្រប់វិស័យ។

ការសន្យាបែបនេះ បានធ្វើឡើងក្នុងកិច្ចជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ម៉ាថាយ ហ្គេបភឺត នាយកអង្គការអន្តរជាតិ SEAPC-C។ ជំនួបនេះ បានរៀបចំធ្វើឡើង នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោក ម៉ាថាយ ហ្គេបភឺត បានលើកឡើងថា អង្គការរបស់លោករីករាយជានិច្ច ក្នុងការជួយបណ្តុះបណ្តាលនូវជំនាញបន្ថែម ដល់មន្រ្តីនិងប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅខេត្តនេះ កាន់តែយល់ដឹងច្បាស់លាស់បន្ថែមទៀត ក្នុងកិច្ចការរបស់ពួកគេសម្រាប់សហគមន៍។

លោក ម៉ាថាយ ហ្គេបភឺត បានបន្តទៀតថា លោកនឹងបញ្ជូនគ្រូបង្គោល មកពីអង្គការនានា ដែលនៅអាមេរិកឲ្យមកជួយផ្តល់វគ្គបណ្តុះបណ្តាលបន្ថែម លើជំនាញគ្រួបង្រៀន ជំនាញពេទ្យ ជំនាញភាសាអង់គ្លេស ជំនាញកុំព្យូទ័រ ជំនាញការផិតម្ហូបអាហារ និងការងារបច្ចេកទេសមួយចំនួនទៀត ដែលបំរើជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យនេះ។

ជាមួយគ្នានោះ នាយកអង្គការអន្តរជាតិ SEAPC-C បានសន្យាចំពោះមុខ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ថា នឹងខិតខំគៀងគរអ្នកវិនិយោគអន្តរជាតិ ឲ្យមកធ្វើការវិនិយោគ នៅខេត្តបន្ទាយមានជ័យ ដើម្បីឲ្យខេត្តនេះ កាន់តែរីកចំរើន លើគ្រប់វិស័យបន្ថែមទៀត។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានថ្លែងនូវអំណរអគុណ ចំពោះលោក ម៉ាថាយ ហ្គេបភឺត ដែលជានាយកអង្គការខាងលើនេះ ដែលបានសន្យាបន្ត ជួយផ្តល់ជំនាញបន្ថែម ដល់អាជ្ញាធរគ្រឿងញៀនមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យនេះ។

ឧបនាយករដ្ឋមន្រ្តី បានប្រាប់ដល់លោក ម៉ាថាយ ហ្គេបភឺត ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានខិតខំយ៉ាងខ្លាំង ក្នុងការស្វែងរកដំណោះស្រាយ និងជួយពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ក៏ដូចជាក្នុងប្រទេសទាំងមូល ឲ្យពួកគេទទួលបាននូវភាពរីកចំរើនបន្ថែមទៀត ក្នុងក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។

គួរបញ្ជាក់ថា អង្គការអន្តរជាតិ នៃមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា មានទីស្នាក់ការកណ្តាល នៅទីក្រុងអូកមុន (oakmont) រដ្ឋភិនស៊ីលវិនណៀ សហរដ្ឋអាមេរិក និងមានប្រតិបត្តិការ នៅ២៥ប្រទេស លើសកលលោក ដោយផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍ ផ្នែកសុខភាព អប់រំ ជួយកុមារកំព្រា និងការផ្តល់ជំនួយមីក្រូហិរញ្ញវត្ថុ។

នៅប្រទេសកម្ពុជា អង្គការនេះ មានទីស្នាក់ការនៅភ្នំពេញ និង នៅខេត្តបន្ទាយមានជ័យ។ អង្គការ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយចាប់ផ្តើមប្រតិបត្តិការសកម្មភាពរបស់ខ្លួន នៅស្រុកមង្គលបូរី នៅឆ្នាំ២០០៤ រួចចាប់ពីឆ្នាំ២០១៤មក អង្គការបានពង្រីក វិសាល ភាពការងារ នៅទូទាំងខេត្តបន្ទាយមានជ័យ៕