(ភ្នំពេញ)៖ ខណៈដែលសភាពការណ៍នយោបាយរវាងរាជរដ្ឋាភិបាល ជាមួយក្រុមប្រឆាំងក្រៅច្បាប់ចេះតែវិវត្តទៅមុខនោះ ក្រសួងទេសចរណ៍ បានប្រជុំជាមួយមន្ត្រីរាជការក្រោមឱវាទ ដើម្បីផ្សព្វផ្សាយពីវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាន នូវសកម្មភាពរបស់ក្រុមប្រឆាំងដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។
កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍។
នាឱកាសនោះ លោក ទិត ចន្ថា បានណែនាំដល់មន្ត្រីក្រោមឱវាទក្រសួង ត្រូវរួមចំណែកទប់ស្កាត់សកម្មភាពល្មើសនឹងរដ្ឋធម្មនុញ្ញរបស់ក្រុមប្រឆាំង ដើម្បីការស្ថិរភាព សន្តិភាព ការអភិវឌ្ឍ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសគឺដើម្បីការពារការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា។
លោកបានថ្លែងថា ការលើកឡើងរបស់ក្រុមប្រឆាំងដែលនឹងចូលមកប្រទេសកម្ពុជាវិញនោះ មិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់ចន្តរទេសចរ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានោះឡើយ ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតែប្រកបការងារ ធ្វើដំណើរទៅមក និងចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍នានាជាធម្មតា។
បើតាមលោករដ្ឋមន្ត្រីស្ដីទី ច្បាស់ណាស់ថា ភ្ញៀវទេសចរណាក៏មិនចង់ទៅទស្សនាប្រទេសដែលគ្មានសន្តិភាព ស្ថិរភាព ឬមានសង្គ្រាមនោះឡើយ ហើយក៏គ្មានទេសចរណាចង់ទៅលេងកន្លែងគ្មានសន្តិសុខ សណ្ដាប់ធ្នាប់ កន្លែងគ្រោះថ្នាក់នោះឡើយ ដូច្នេះមន្ត្រីរាជការគ្រប់រូប មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ប្រតិបត្តិករទេសចរណ៍ មគ្គទ្ទេសក៍ទេសចរណ៍គ្រប់គ្នា សូមចូលរួមរក្សាស្ថិរភាពវិស័យទេសចរណ៍ឱ្យបានក្នុងដំណាក់កាលនេះ។
លោកបានអំពាវនាវសូមឱ្យប្រតិបត្តិករទេសចរណ៍ មគ្គទ្ទេសក៍ទេសចរណ៍គ្រប់គ្នា បង្កើនការទទួលបដិសណ្ឋារកិច្ច ពង្រឹងគុណភាពសេវាកម្ម បរិស្ថាន អនាម័យ សុវត្ថិភាពចំណីអាហារ បង្កើនការរក្សាភាពស្អាត និងបៃតងឱ្យបានល្អប្រសើរជាងមុន។
លោក ទិត ចន្ថា បានលើកឡើងទៀតថា កម្ពុជាទទួលបានទេសចររាប់លាននាក់ដូចពេលបច្ចុប្បន្ន ក៏ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដូច្នេះយើងទាំងអស់គ្នាមិនត្រូវបំផ្លាញគោលដៅទេសចរណ៍របស់ខ្លួនឡើយ។
សូមជម្រាបថា បើតាមការប្រកាសរបស់ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងក្បត់ជាតិនោះ ពួកគេនឹងត្រឡប់ចូលមកកម្ពុជាវិញចំថ្ងៃទី០៩ ខែវិច្ឆិកា ពោលគឺចំថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ ក៏ដូចជានៅក្នុងកំលុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែផងដែរ៕