(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានក្រើនរំលឹកដល់នាទាហានទាំងអស់ ត្រូវក្តាប់ឱ្យបានសភាពការណ៍ថ្មីៗ នូវផែនការសកម្មភាពល្បិចកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្សី ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប៉ុនប៉ងរំលាយរបបរាជានិយម។
កាក្រើនរំលឹកបែបនេះរបស់នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាពវគ្គអប់រំនយោបាយ សតិអារម្មណ៍ចិត្តសាស្ត្រដល់នាយទាហានបង្គោល និងផ្សព្វផ្សាយសភាពការណ៍ថ្មី ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅបញ្ជាការដ្ឋានវិស្វកម្ម ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម នាយរងសេនាធិការ ស្នងការរង នាយការិយាល័យ មេបញ្ជាការកងឯកភាព ចំណុះបញ្ជាការដ្ឋានវិស្វកម្ម និងនាយទាហានបង្គោលជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានដាល់តឿនដល់ប្រជាពលរដ្ឋទូទាំងប្រទេសកុំឆាប់ជឿការឃោសនារបស់ពួកប្រឆាំង ចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គមដែលយើងខំរកមក ដោយលំបាក ហើយដែលពួកប្រឆាំងទាំងនោះមិនបានចូលរួមអ្វីបន្តិចសោះទ្បើយ គឺមានតែមកឃោសនាបំផុសបំផុល ប្រជាពលរដ្ឋ ជាពិសេសក្នុងជួរកងទ័ពឱ្យក្បត់ជាតិ និងផ្តាច់ខ្លួន ដើម្បីរៀបចំធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយន៍ទោ សឹង សុខន មេបញ្ជាការរងបញ្ជាការដ្ឋានវិស្វកម្ម បានអញ្ជើញទ្បើងអានឯកសារសំខាន់ ដោយបញ្ជាក់ច្បាស់អំពីសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា នាពេលបច្ចុប្បន្ន រួមទាំងឧបាយកល និងសកម្មភាពរបស់ពួកប្រឆាំង និងវិធានការណ៍ទប់ស្កាត់ ផែនការធ្វើរដ្ឋប្រហារ សំដៅថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។ លោកនាយឧត្តមសេនីយ៍បានបន្ថែមទៀតថា កុំចាក់អង្ករ យកអង្កាម អ្នកចូលរួមគាំទ្រនូវគម្រោងនេះ ក៏ត្រូវជាប់ទោសពីបទល្មើសរួមគំនិតក្បត់ជាតិ។
ការចូលរួមរបស់ជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមនៅក្នុងកិច្ចដំណើរការរបស់រដ្ឋក្នុងការថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ដែលទាំងនេះបានបង្ហាញអំពីស្មារតីស្នេហាជាតិ ឯកភាពជាតិ រួមគ្នាជាធ្លុងមួយ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែសម្បូរសប្បាយជាបន្តទៀតជារៀងរហូត៕