(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីសុខាភិបាលខេត្ត និងលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត និងកម្លាំងសមត្ថកិច្ចនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានចុះទៅទីតាំងលក់មីម៉ាកមីគី និងបានធ្វើការបង្ហាញអំពីលទ្ធផល ដែលអគ្គនាយកដ្ឋានកាំងកុង ត្រូវបានយកទៅពិសោធន៍មុខទំនិញចំនួន ៤មុខ រួមមាន៖ មីម៉ាកមីគីផលិតនៅវៀតណាម បន្លែ ស្ពៃតឿ ស៊ុត ទឹកស៊ុប ដែលបានបណ្តាលឲ្យពុលបុគ្គលិក ២៦នាក់នៅ KTV «ហ្វាងថាងល៊ាំងហ្វាន់ស័រ» នៅក្រុងបាវិត តែពុំបានរកឃើញសារធាតុគីមី និងសារធាតុពុលនៅក្នុងមុខទំនិញទាំងនោះទេ។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា ថ្ងៃនេះក្រុមការងារកាំកុងត្រូល បានសហការជាមួយ មន្ត្រីពាក់ព័ន្ធបានបង្ហាញលទ្ធផលជាផ្លូវការ ដែលអគ្គនាយកដ្ឋានកាំកុងត្រូល ត្រូវបានយកមុខទំនិញ ៤មុខ ទៅពិសោធន៍នៅឡាបូ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដោយបានបង្ហាញថា ពុំមានសារធាតុគីមីនោះទេ ហើយក៏ពុំមានសារពុលនៅក្នុងមុខទំនិញទាំង ៤មុខ ដែលបានយកពី KTV «ហ្វាងថាងល៊ាំងហ្វាន់ស័រ» នៅក្រុងបាវិត ទៅពិសោធន៍នោះដែរ។
លោក ផឹង និល បានណែនាំដល់ម្ចាស់ហាង និងចុងភៅ KTV ខាងលើនេះ ត្រូវចំអិនម្ហូបអាហារ និងទុកដាក់សាច់បន្លែ គ្រឿងផ្សំផ្សេងៗ ឲ្យមានរបៀបរយ និងមានអនាម័យល្អ ការពារកុំឲ្យមានករណីពុលបន្តទៀត។
សូមបញ្ជាក់ថា នៅ KTV នេះ កាលពីវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅ KTV «ហ្វាងថាងល៊ំាងហ្វាន់លៀនស័រ» បាននាំគ្នាហូបមីវៀតណាម ដោយបានឆុងជាមួយទឹកធម្មតា និងលាយស្បៃតឿ ស្រាប់តែមួយសន្ទុះក្រោយមក មានអាការៈមិនស្រួលខ្លួន ដោយអ្នកខ្លះវិលមុខ ក្អួតចង្អោរ រាករុស ថប់ដង្ហើមជាដើមត្រូវបានមេការ KTV ខាងលើ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅក្លីនិកឯកជនមួយកន្លែងនៅក្រុងបាវិត។ហើយ ជារៀងរាល់ថ្ងៃ ពួកគេមិនសូវហូបមីទេ គឺហូបបាយជាម្ហូបធម្មតា តែដោយសារតែចុងភៅអត់នៅក៏នាំគ្នាឆុងមី ហូបស្រាប់តែពុលតែម្តងទៅ។
ទោះយ៉ាងណាបើតាមលោក វណ្ណ សុមុន្នី លោកនឹងធ្វើលិខិតអញ្ជើញម្ចាស់ KTV ខាងលើនេះ ឲ្យមកសុំច្បាប់បើកអាជីវកម្ម KTV ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យមានការត្រួតពិនិត្យ បញ្ហាអនាម័យ និងសន្តិសុខរបៀបរៀបរយឲ្យបានល្អប្រសើរចៀសវាង មានបញ្ហាទៅថ្ងៃក្រោយ៕