(ភ្នំពេញ)៖ ប្រជាពលរដ្ឋទទួលយកដោយការពេញចិត្តចំពោះ ការឆ្លើយតបជាវិជ្ជមានពីសំណាក់អាជ្ញាធរខណ្ឌកំបូល ដែលបានសន្យាជួយដោះស្រាយរាល់ទុក្ខកង្វល់ទាំងឡាយ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋានឲ្យបានរីកចម្រើន។

វេទិការពិគ្រោះយោបល់រវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ ដែលធ្វើឡើងនៅសាលប្រជុំធំសាលាខណ្ឌកំបូល នាថ្ងៃព្រឹកទី២៤ ខែតុលា ឆ្នាំ២០១៩នេះ មានការចូលរួមពីសំណាក់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល, លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងអភិបាលរង នាយក នាយករងរដ្ឋបាល ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងពិធីនោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជ្ញាធរ ភូមិ សង្កាត់ទាំងអស់ នៅក្នុងខណ្ឌកំបូលសុទ្ធតែបានបង្ហាញពីការពេញចិត្ត ដែលអាជ្ញាធរបានស្តាប់សម្លេងប្រជាពលរដ្ឋព្រមទាំងទទួលយកនូវ សំណើដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង ដើម្បីជួយដោះស្រាយឆ្លើយតបទៅនិងកង្វល់នានា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះនៅតាមមូលដ្ឋានក្នុងការជួយដោះស្រាយឆ្លើយតបមកវិញ។

លោក ឃឹម ស៊ុនសូដា បានឲ្យដឹងថា ឆ្លងកាត់ការពិគ្រោះយោបល់រវាងប្រជាពលរដ្ឋ អស់រយៈពេលពេញមួយព្រឹករួចមកនេះ មានបញ្ហាជាច្រើនដែលជាកង្វល់របស់ប្រជាពលរដ្ឋដែលស្នើមកអាជ្ញាធរ ហើយអាជ្ញាធរ ក៏បានទទួលយកសំណើរទាំងនោះ ដើម្បីពិនិត្យពីលទ្ធភាពដោះស្រាយឲ្យបានសមស្របជូនពួកគាត់ផងដែរ។

នៅក្នុងពិធីនេះដែរ តាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិការពិគ្រោះយោបល់លើកទី៣ របស់សាលាខណ្ឌកំបូលនេះ មានបញ្ហាជាច្រើន ដែលប្រជាពលរដ្ឋស្នើឲ្យជួយដោះស្រាយរួមមាន បញ្ហាកសាងផ្លូវក្នុងមូលដ្ឋាន បញ្ហាប្រព័ន្ធលូរំដោះទឹក បញ្ហាសំរាម បញ្ហាទឹកស្អាត បញ្ហាអគ្គីសនី បញ្ហារំលោភដីចំណីផ្លូវ បញ្ហាសន្តិសុខសន្តាប់ធ្នាប់ ជាពិសេសបញ្ហាសេវាសាធារណៈ។

លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានបង្ហាញពីការពេញចិត្តចំពោះលទ្ធផល នៃវេទិកាថ្ងៃនេះដោយបានរកឃើញនូវអ្វីជាកង្វល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយយើងបានឆ្លើយតប ដោយសមស្របជូនគាត់វិញ។

លោកស្រី បានបន្តថា រាល់សំណូមពរទាំងឡាយ អាជ្ញាធរត្រូវតែខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាសេវាតម្រូវការ គឺជាសេចក្តីត្រូវការចាំបាច់ដែលត្រូវដោះស្រាយជូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ចំពោះសេវា សំណូមពរអាជ្ញាធរ ត្រូវពិនិត្យទៅលើលទ្ធភាពជាក់ស្តែងនូវអ្វីដែលអាចដោះស្រាយបានត្រូវដោះ ជូនប្រជាពលរដ្ឋភ្លាម ហើយអ្វីដែលលើសពីសមត្ថភាពត្រូវធ្វើរបាយការជូន ទៅលើដើម្បីសុំគោលការណ៍ជួយដោះស្រាយ។

ជារួមមានន័យថា អ្វីជាកង្វល់ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ មិនត្រូវព្រងើយកន្តើយជាដាច់ខាត ទោះដោះស្រាយបានក្នុងកម្រិតណាក៏ត្រូវតែព្យាយាមជួយដោះស្រាយ ជូនពួកគាត់ទៅតាមអ្វីដែលយើងអាចធ្វើបាន មិនត្រូវទុកឲ្យប្រជាពលរដ្ឋអស់ជំនឿមកលើយើងជាអ្នកបំរើពួកគាត់នោះឡើយ។

លោកស្រីក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពធ្វើយ៉ាងណាឲ្យមូលដ្ឋាននិមួយៗ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានបងធំបងតូច ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង និងចោរកម្មជាដើមដើម្បីធានាឲ្យបានភាពសុខសាន្តជូនប្រជាពលរដ្ឋ៕