(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ (ឧបាយកល សកម្មភាពពួកឧទ្ទាម) និងការងារអប់រំចិត្តសាស្ដ្រ ដល់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីមានមូលដ្ឋាន ក្នុងការគ្រប់គ្រងសភាពការណ៍។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានជម្រាបជូនមន្ដ្រីអាវុធហត្ថ ពីសកម្មភាពក្រៅច្បាប់របស់ទណ្ឌិត សម រង្ស៉ី ដែលបានប្រកាស អំពីការវិលត្រឡប់របស់ខ្លួន ចូលមកប្រទេសកម្ពុជា ខណៈដែលទណ្ឌិតរូបនេះ កំពុងត្រូវបានតាមចាប់ខ្លួន តាមអំណាចដីការបស់តុលាការ និងមានបណ្ដឹងជាច្រើនករណីថែមទៀត។
លោកឧត្តមសេនីយ៍មេបញ្ជាការបានសង្កត់ធ្ងន់ថា ឲ្យកម្លាំងអាវុធហត្ថអាវុធហត្ថទូទាំងខេត្តស្ទឹងត្រែងទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់, កម្លាំងអន្តរាគមន៍ត្រូវតែប្ដូរផ្ដាច់ ការពាររាជរដ្ឋាភិបាលស្របច្បាប់, ត្រៀមកម្ចាត់ក្រុមឧទាមក្រៅច្បាប់ទណ្ឌិត សម រង្សី ដែលថាក្រុមគេចូលស្រុក នៅថ្ងៃ០៩ ខែវិច្ឆិកាខាងមុខ។
លើសពីនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានក្រើនរំលឹកដល់កងកម្លាំង ត្រូវតែគាំទ្រចំពោះចំណាត់ការរបស់តុលាការ និងបានត្រៀមខ្លួន ក្នុងការអនុវត្តដីការបស់តុលាការ និងអនុវត្តរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានណែនាំដល់មន្ដ្រីអាវុធហត្ថ ត្រូវចូលរួមទទួលទានអកអំបុក នៅថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕