(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញការពារគោលដៅ នៅសាលានគរបាលជាតិមិត្ត ភាពកម្ពុជា-វៀតណាម ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ គណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ភាគីវៀតណាម ដែលបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ក៏ដូចជាវគ្គបំប៉នជំនាញជាបន្តបន្ទាប់។
លោកបន្តថា ក្នុងនាមជាកងកម្លាំងនគរបាល មានភារកិច្ចក្នុងការថែរក្សានូវ សុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ជាពិសេសការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយត្រូវកម្ចាត់ចោលភ្លាម ចំពោះបុគ្គលណា ឬក្រុមណា ដែលមានចេតនាបំផ្លិតបំផ្លាញសុវត្ថិភាព និងសន្តិសុខជាតិ។
អគ្គស្នងការរង ឆាយ គឹមខឿន បានបញ្ជាក់ថា ក្នុងនាមកងកម្លាំងត្រូវតែសីលធម៌ និងគោរពវិន័យ បទបញ្ជារបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ដែលបានប្រគល់ជូន ជាពិសេសបន្តរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច អនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត។ លោកបានបញ្ជាក់ថា ជំនាញការពារគោលដៅ មានភារកិច្ចសារៈសំខាន់ណាស់ គឺការពារគោលដៅនយោបាយ ស្ថានទូត និវេសនដ្ឋាន សេដ្ឋកិច្ច វប្បធម៌ វិនិយោគ និងឥស្សរជនជាតិ អន្តរជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បាននាំនូវថវិកា ចំនួន៥លានរៀល របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនសាលានគរបាលជាតិមិត្ត ភាពកម្ពុជា-វៀតណាម និងបានផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់សិក្ខាកាមដែលជាកងកម្លាំងនគរបាលទាំងអស់ ហើយបានណែនាំឲ្យខិតខំហ្វឹកហាត់នូវជំនាញ វិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀត និងមិនត្រូវធ្វើអ្វីឲ្យខុសពីក្រមសីលធម៌វិជ្ជាជីវៈ ជានគរបាលនោះទេ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា សាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម មានតួនាទីយ៉ាងសំខាន់ធ្វើជាសេនាធិការជូន អគ្គស្នងការដ្ឋាននគរបាលជាតិ។
រហូតមកដល់ពេលនេះ សាលាបានបើកវគ្គបំប៉នជំនាញ ជូនដល់កងកម្លាំងទូទាំងប្រទេស បានចំនួនជាង២,៣០០នាក់ ក្នុងនោះនារីជាង១០០នាក់ ដោយជំនាញផ្សេងៗគ្នា ក្នុងនោះមានជំនាញការពារថ្នាក់ដឹកនាំ វគ្គបំប៉នជំនាញការពារ និងទប់ទល់បាតុកម្ម ជំនាញគ្រូបង្គោលពន្លត់អគ្គិភ័យ និងជួយសង្រ្គោះ ជំនាញការពារគោលដៅ និងជំនាញអន្តរាគមន៍ជាដើម៕