(កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខតុលា ឆ្នាំ២០១៩នេះ បានចាត់ឱ្យមន្ត្រីនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា រួមជាមួយនឹងអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីទេីបសម្រាលកូន ដែលមានជីវភាពលំបាក ចំនួន១២២គ្រួសារ រស់នៅឃុំភក្តី និងឃុំផុង នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំនូវព្រះរាជបន្ទូលរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដែលព្រះអង្គបាន ផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែគិតគូរពីការរស់នៅរបស់ប្រជានុរាស្ត្រ ដែលជាកូន ជាចៅ ចៅទួត របស់ព្រះអង្គជានិច្ច។

ទន្ទឹមនឹងនេះ លោកស្រី អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា ជាមួយនឹងការឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិ ជាពិសេសក្នុងទិវា ៨ ឧសភា នោះ កាកបាទក្រហមកម្ពុជា តែងតែ ទទួលបានការប្រោស ព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន១,០០០ដុល្លារអាមេរិក ជារៀងរាល់ខែ ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជទ្រព្យចំនួន៣,០០០ដុល្លារអាមេរិក ជារៀងរាល់ត្រីមាស ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងការ ប្រោសប្រទានក្នុងឱកាសផ្សេងៗទៀតផង។

ជាមួយគ្នា នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ក៏សូមផ្តាំផ្ញេីជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន ក្មួយៗជាស្ត្រីមាន ផ្ទៃពោះ និងអ្នកដែល ទេីបសម្រាលកូន ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងត្រូវសម្រាលកូន នៅមណ្ឌលសុខភាព ដែលមានពេទ្យ-ឆ្មបជំនាញ ដេីម្បីសុវត្ថិភាព និងទប់ស្កាត់ការចម្លង ជំងឺនានា។

ជាមួយគ្នានេះ សូមបំបៅកូនដោយទឹកដោះម្តាយយ៉ាងហោចណាស់ឱ្យបាន៦ខែដំបូង និងផ្តល់អាហារូបត្ថម្ភដល់កុមារឱ្យបានគ្រប់គ្រាន់ ជាពិសសត្រូវ ថែទាំ និងចាក់ថ្នាំបង្ការ ជំងឺដល់កុមារឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់ សៀវភៅណែនាំ។

បន្ថែមពីនេះ លោកស្រី អគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវសេចក្តីអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូន ប្រជាពលរដ្ឋទាំងអស់ សូមបន្តខិតខំប្រកប របរ ចិញ្ចឹមជីវិត ដោយក្តីរីករាយ និងចូលរួមថែរក្សា ការពារសុខសន្តិភាព ការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលជាបាវចនាជាតិដ៏រុងរឿង ហេីយជៀសវាងរាល់ ការឃោសនា អគតិនានា ដែលបំផ្លាញសុភមង្គល ភាពសម្បូរសប្បាយ រុងរឿងរបស់ប្រជាជន និងប្រទេសជាតិយេីង។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន សាប៊ូដុំ ៣ដុំ និងសាប៊ូទឹកបោកខោអាវ ១ដប និងភួយ១ ដែលជាព្រះរាជអំណោយ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំង ទទួលបានអង្ករ៣០គីឡូក្រាម មីយេីង១កេស ត្រីខ១០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត និងថវិកា១ម៉ឺនរៀល ជាអំណោយរបស់ កាកបាទក្រហមកម្ពុជា៕