(ស្វាយរៀង)៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក អ៊ូ សុខឿន ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានណែនាំដល់ប្រធានមន្ទីរថ្មីរូបនេះ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារឱ្យបានម៉ឺងម៉ាត់។
ព្រមជាមួយនោះត្រូវ៖
ទី១៖ ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ចដែលក្រសួង និងរដ្ឋបាលខេត្តស្វាយរៀងប្រគល់ជូន។
ទី២៖ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ទី៣៖ ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
ទី៤៖ ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។
ទី៥៖ ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។
ទី៦៖ ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។
លោកថា ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្រសួងការងារបានបន្តដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ក្រោមពាក្យស្លោក «សហគ្រាស គ្រឹះស្ថានមួយ ជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិត ដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់» ដោយបានសម្រិតសម្រាំង និងធ្វើអាទិភាវូបនីយកម្មនូវសកម្មភាពជាយុទ្ធសាស្ត្រទាំង៥ ដែលមានចែងនៅក្នុងផែនការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ២០១៤-២០១៨ ឱ្យកាន់តែមុតស្រួចថែមទៀត ជាពិសេសបានកំណត់នូវសូចនាករលទ្ធផលការងារ ពេលវេលា និងអង្គភាពប្រតិបត្តិករកាន់តែច្បាស់លាស់ និងមានសង្គតិភាពជាមួយក្របខណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
យុទ្ធសាស្ត្រអាទិភាពទាំង៥ គឺ៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២-ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ,៣-ការរក្សានិងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស, ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម និង ៥-ការពង្រឹងសេវាគាំទ្រទូទៅ៕