(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង ដែលគ្រោងប្រារព្ធពិធីអុំទូក បណ្តែតប្រទីប ដែលប្រារព្វធ្វើឡើងថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីផ្តល់កាណែនាំដល់ក្រុមបច្ចេកទេស ក្នុងការងារសុវត្ថិភាព នៅចំណុចដែលត្រូវគណៈអធិបតីអ្នកមុខអ្នកការ មន្រ្តីរាជការ ប្រជាពលរដ្ឋ បានអញ្ជើញចុះមកបណ្តែតប្រទីប។ ការចុះត្រួតពិនិត្យនេះ គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
លោក សុខ លូ បានថ្លែងថា ការប្រារព្ធពិធីអុំទូកឆ្នាំនេះ គឺមិនខុសពីឆ្នាំមុនៗទេ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ បានចូលរួមសប្បាយក្នុងពិធីអុំទូកបណ្តែតប្រទីប ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២៦-២៧ ខែតុលា និងពេលយប់ មានការបាញ់កាំជ្រួច ការអុំទូកថ្នាក់ខេត្តនេះ ដើម្បីជ្រើសរើសទូកដែលមានល្បឿនលឿន សម្រាប់យកទៅចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។
អភិបាលខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ធំ មានទូកចូលរួមប្រកួតឆ្នាំនេះចំនួន ៤៣ទូក និងមានការបណ្តែតប្រទីបរបស់រដ្ឋបាលខេត្ត និងប្រទីបរបស់មន្ទីរអង្គភាពសរុបចំនួន១៧ ដែលបានចូលរួមបង្ហាញពីសក្តានុពលរបស់មន្ទីរអង្គភាព និងមានប្រទីបរបស់បងប្អូនប្រជាពលរដ្ឋ មកចូលរួមបណ្តែតដើម្បីសុំសេចក្តីសុខចម្រើនយ៉ាងច្រើនកុះករផងដែរ ក្នុងនោះលោក សុខ លូ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកកំសាន្តសប្បាយ សូមចូលរួមថែរក្សាបរិស្ថាន អានាម័យ វេចខ្ចប់សំរាមដាក់តាមទីតាំងដែលមានធុងសំរាម សង្ឃឹមលើបងប្អូនទាំងអស់ ជួយគ្នាទុកដាក់សំរាមឲ្យមានរបៀបនិងត្រឹមត្រូវ។
លោក សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរគោរច្បាប់ចរាចរណ៍ បើកបរឲ្យមានការប្រុងប្រយ័ត្ន កុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីបញ្ជៀសគ្រោះថ្នាក់ និងសូមឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ អប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន៕