(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសូងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា គម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ប្រមាណ៨២លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ ដែលនឹងជួយលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋ កាន់តែប្រសើរបន្ថែមទៀត។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសាងសង់របស់អគារថ្មីនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា ដើម្បីឆ្លើយតបទៅនឹងកំណើន និងតំរូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋ ដែលចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងស្នើសុំទៅរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានទទួលការយល់ព្រមសិក្សាពី គម្រោងនាចុងឆ្នាំ២០១៥កន្លងទៅ ហើយបានចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន លើការសាងសង់អគារមិត្ដភាពកម្ពុជា-ចិននៃមន្ទីរពេទ្យព្រះកុសុមៈ នៅខែដើមខែមករា និងបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

ជាមួយនឹងដំណើរការសាងសង់រហូតមកដល់ពេលនេះ បានយ៉ាងរលូន ដោយអនុវត្ដន៍ទៅតាមកិច្ចសន្យារបស់កម្ពុជា-ចិនថា នឹងសាងសង់រួចជាស្ថាពរ ក្នុងរយៈពេល៤០ខែ ប៉ុន្ដែបានតាមការលើកឡើង របស់ភាគីចិន នឹងព្យាយាមពន្លឿនការសាងសង់មុនពេលកំណត់។

រដ្ឋមន្ដ្រីបញ្ជាក់ថា អគារថ្មីនេះ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ សម្រាប់ពិនិត្យព្យាបាលប្រជាពលរដ្ឋយើង ជាពិសេសក្នុងឱកាសប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ យើងមានអគារ និងសេវាគ្រប់គ្រាន់សម្រាប់ត្រៀម ផ្ដល់សេវាជូនភ្ញៀវជាតិ និងអន្ដរជាតិ។ ជាងនេះទៅទៀតបានឆ្លើយតបទៅនឹងកំណើន និងតំរូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋ ដែលចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនេះ។

សូមជម្រាបថា អគារមន្ទីរពេទ្យថ្មីនេះ ត្រូវសាងសង់មានកម្ពស់៥៣ម៉ែត្រ មាន១១ជាន់ មានបំពាក់នូវ ឧបករណ៍វេជ្ជសាស្ដ្រ និងសម្ភារបរិក្ខារផ្សេងៗព្រមទាំងការបណ្ដុះបណ្ដាល សម្រាប់ អាយុកាលនៃការប្រើប្រាស់៥០ឆ្នាំ, សម្របតាមអាកាសធាតុរដូវប្រាំង និងរដូវវស្សា, ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរលូទឹកស្អុយ អនុវត្តតាមស្ដង់ដាប្រទេសចិន ស្របតាមស្ថានភាពជាក់ស្ដែង, បន្ទប់សរុប១៣២បន្ទប់, បង្គន់អនាម័យ២១៩បន្ទប់ និងទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ប្រមាណជិត៨០លានដុល្លារអាមេរិក ។

អគារដែលត្រូវសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត។

មន្ទីរពេទ្យកុសុមៈ ជាមន្ទីរពេទ្យជាតិសាធារណៈមួយនៅក្នុងរាជធានីភ្នំពេញ ដែលបានកសាងឡើងនាឆ្នាំ១៩៥៣ និងបានសាងសង់រួចជាស្ថាពរ ព្រមទាំងចាប់ផ្ដើមដំណើរការនាឆ្នាំ១៩៥៦ ក្រោមព្រះរាជឧបត្ថម្ភដោយ សម្ដេចព្រះមហាក្សត្រីយ៉ានីព្រះកុសុមៈ ជាព្រះមាតារបស់ព្រះ បរមរតនកោដ្ឋ សម្រាប់ព្យាបាលជំងឺព្រះសង្ឃ និងបានដំណើរការដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មានឈ្មោះដើមថា «មន្ទីរសង្ឃពេទ្យកុសុមៈ» និងបានអាក់ខានដំណើរការក្នុងរបបប៉ុលពត។
មន្ទីរពេទ្យនេះ បានចាប់ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៩ ដោយក្រសួងសុខាភិបាល បានកែសមមរួលពីមន្ទីរពេទ្យ សម្រាប់ព្យាបាលព្រះសង្ឃ មកជាមន្ទីរពេទ្យពហុព្យាបាលប្រជាជន និងព្រះសង្ឃ ជាពិសេសជំងឺដែលត្រូវការវះកាត់ដោយក្រសួងតម្រូវឲ្យមន្ទីរពេទ្យរៀបចំជា ២០០គ្រែចែកចេញជាផ្នែក៕