(ភ្នំពេញ)៖ មនុស្ស ៤នាក់ បានរងរបួសធ្ងន់ស្រាល និងត្រូវដឹកបញ្ជូនតាមទូក តាមម៉ូតូដើម្បីទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផ្សេងៗគ្នា បន្ទាប់ពីជួបករណីផ្ទុះធុងខ្យល់លាន់ ស្នូរឡើងកក្រើកដូចមីតោន ខណៈដែលកំពុងផ្សារដែកសុខៗ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជិត ១រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើបែរមាត់ច្រាំងទន្លេ ក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ សុទ្ធតែជាជនជាតិខ្មែរឥស្លាម ត្រូវសាច់ញាតិ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងកើតហេតុ ដឹកបញ្ជូនភ្លាមៗតាមទូក និងខ្លះទៀតដឹកតាមម៉ូតូ ដើម្បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផ្សេងៗគ្នា ក្នុងនោះ មានម្នាក់របួសធ្ងន់សង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត និង៣នាក់ផ្សេងទៀត របួសស្រាលកំពុងសង្គ្រោះនៅមន្ទីរពេទ្យគីឡូម៉ែត្រលេខ៦ និងមន្ទីរពេទ្យឯកជន បន្ទាប់ពីជួបឧបត្ថវហេតុផ្ទុះធុងខ្យល់លាន់ស្នូរឡើងកក្រើកដូចមីតោន ខណៈដែលពួកគេ (ជនរងគ្រោះ) កំពុងតែផ្សារសុខៗ អាចបណ្ដាលមកពីធុងខ្យល់នៅហាលថ្ងៃអាកាសធាតុក្ដៅខ្លាំង។

យ៉ាងណាក៏ដោយ ក្រោមការបញ្ជារបស់លោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលចុះដឹកនាំមន្ត្រីផ្ទាល់ ដើម្បីត្រួតពិនិត្យជាក់ស្ដែង លើទីតាំងកើតហេតុ នៅមិនទាន់អាចបញ្ជាក់បានពីមូលហេតុ ពិតប្រាកដនៅឡើយទេ ដោយកំពុងបន្តស្រាវជ្រាវ ប៉ុន្តែនូវជំហានដំបូង មានការបំភ្លឺបឋមពីអ្នករស់នៅក្បែរៗនោះ អាចសន្និដ្ឋាន ថាគឺជនរងគ្រោះកំពុង ផ្សាដែក និងអាចបណ្ដាលមកពីការទុកដាក់ធុងខ្យល់ចំកណ្ដាលថ្ងៃក្ដៅខ្លាំង ទើបបណ្ដាលឲ្យផ្ទុះតែម្តង៕