(ភ្នំពេញ)៖ ការដាក់តាំងបង្ហាញផលិតផល នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នានា សុទ្ធតែធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ក៏ដូចជាការស្វែងរកដៃគូសហការ ក្នុងការចែកចាយបន្តទៅកាន់ទីផ្សារ ឱ្យបានទូលំទូលាយ។
ទោះជាយ៉ាងក៏ដោយ អ្នកជំនាញបានលើកឡើងថា តាមរយៈនៃការដាក់តាំងបង្ហាញផលិតផល ជាមួយព្រឹត្តិការណ៍ពិព័រណ៍ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម គឺមានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលដៃគូវិនិយោគផ្ទាល់ រវាងម្ចាស់ផលិតផលពីរោងចក្រ និងក្រុមហ៊ុនដៃគូសហការ។
លោកធួន ស៊ីណាន នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងបង្កើតព្រឹត្តិការណ៍ថ្មីៗជាច្រើន ដើម្បីចូលរួមជំរុញវិស័យពាណិជ្ជកម្មនានាទាំងលក្ខណៈក្នុងស្រុក ក៏ដូចជាលក្ខណៈអន្តរជាតិ ឱ្យកាន់តែមានភាពរីកចម្រើន។
លោកបានបន្តទៀតថា ភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលចំនួន១២ដងក្នុងមួយឆ្នាំ (មួយខែម្ដង) ដែលនឹងត្រូវរៀបចំឡើង ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម B2B Park។
លោកបន្តថា យើងជឿថា ម្ចាស់ក្រុមហ៊ុនឬម្ចាស់រោងចក្រ មិនមានបំណងណាមួយ ដឹកជញ្ជូនយកផលិតផលរបស់ខ្លួនវិលត្រឡប់ទៅវិញនោះទេ ពោល គឺសុទ្ធតែមានបំណងចែកចាយផលិតផលរបស់គេ ទៅកាន់ទីផ្សារយ៉ាងទូលាយ តាមរយៈការសហការគ្នារវាងពាណិជ្ជករ និងអ្នកផ្គត់ផ្គង់។
លោក ធួន ស៊ីណាន បានបន្តថា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park មានក្រុមការងារជំនាញគ្រប់គ្រាន់ ក្នុងកិច្ចប្រឹក្សាយោបល់ណែនាំ និងស្វែងទីផ្សារ ដែលជាដៃគូវិនិយោគបោះដុំបន្ត នូវរាល់ផលិតផលនានា ដែលនាំយកមកដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ប្រចាំខែនីមួយៗ។
លោកបានបន្តទៀតថា ក្រុមការងាររបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park មិនមែនជាអ្នកទិញ ឬជាអ្នកលក់ផលិតផលបោះដុំដោយផ្ទាល់នោះទេ ប៉ុន្តែជាភ្នាក់ចម្លងរវាងម្ចាស់ក្រុមហ៊ុនដើម ឬម្ចាស់រោងចក្រផលិត និងក្រុមហ៊ុនដៃគូចែកចាយបន្ត ដោយមានការទទួលខុសត្រូវខ្ពស់ ទៅលើកម្រិតគុណភាពផលិតផល ក៏ដូចជាកេរ្តិ៍ឈ្មោះនៃក្រុមហ៊ុនវិនិយោគ ក្រោមការទទួលស្គាល់ពីស្ថាប័នរដ្ឋជំនាញដែលពាក់ព័ន្ធ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីកិច្ចគាំទ្រ ចំពោះការបង្កើតឱ្យមានភ្នាក់ងារ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងរកទីផ្សារសម្រាប់បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលវាគឺជារឿងល្អបំផុត។
លោកឧកញ៉ាបន្តទៀតថា «បើសិនជាមានភ្នាក់ងារបែបនេះមែន ខ្ញុំសូមគាំទ្រ១០០ភាគរយ ហើយបើមិនទាន់មានខ្ញុំក៏សុំជំរុញ និងលើកទឹកចិត្តឱ្យមានប្រសើន បើមានលទ្ធភាពអាចបង្កើតបាន»។
លោកឧកញ៉ា លឹម ហេង បានបន្តទៀតថា ក្រុមហ៊ុនដែលជាភ្នាក់ងារប្រភេទនេះ ក៏អាចចូលរួមធ្វើការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជួយជំរុញការទិញ លក់ផលិតផលក្នុងស្រុក ដើម្បីនាំចេញទៅលក់លើទីផ្សារក្រៅស្រុក ដែលវាជារឿងដែលកាន់តែល្អ។
លោកឧកញ៉ាបនន្តថា កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា បានព្យាយាមធ្វើជាបន្តបន្ទាប់រួមមកហើយ ប៉ុន្តែប្រសិនបើមានក្រុមហ៊ុន ដែលមានលទ្ធភាពអាចបង្កើតជាភ្នាក់ងារបាន កាន់តែប្រសើរក្នុងការចូលរួមលើកកម្ពស់ ការវិនិយោគទាំងនៅក្នុង និងក្រៅស្រុក៕