(បាត់ដំបង)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកសង្កែ លោក កុល វីរក្ស និងសហការី បានអញ្ជើញចុះធ្វើវេទិកាសាធារណៈជំហានទី២ ដើម្បីធ្វើការដោះស្រាយ បញ្ហា និងសំណូមពរពលរដ្ឋ កំពុងរាំងស្ងួតខ្វះទឹកនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមការងារមូលដ្ឋានស្រុក ឃុំ និងប្រជា
ជនចូលរួមប្រមាណ ៣០០នាក់។
នៅក្នុងក្នុងវេទិការសាធារណៈនេះ, ប្រជាពលរដ្ឋបានអរគុណលោក កុល វីរក្ស និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ជុំវិញបញ្ហាអត់ទឹក ប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងរដូវប្រាំងខាងមុខនេះ ព្រោះគ្មានភ្លៀងថែមទាំងទឹកបឹងទន្លេសាប ពុំអាចចូលដល់បឹងបួរក្បែរភូមិ ជាពិសេសនៅចំណុចស្ទឹងចាស់ក្នុងឃុំតាប៉ុន ស្រុកសង្កែនេះ។
លោក កុល វីរក្ស ព្រមទាំងសហការី បានដោះស្រាយដោយបានជីកប្រឡាយអូសទឹកពីស្រុកឯកភ្នំកន្លងមកនេះ បានប្រជាពលរដ្ឋប្រើប្រាស់បានមួយរយ:ផងដែរ។
នៅក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកសំណូមពរដល់ក្រុមការងារជាច្រើន ដើម្បីដោះស្រាយបន្តពិសេសជុំវិញការអភិវឌ្ឍផ្លូវថ្នល់ ប្រឡាយទឹក និងបានសំណូមពរថ្នាក់លើជួយបូមទឹក ទុកសម្រាប់ប្រើប្រាស់នៅក្នុងអាងប៉ាដាកបន្ថែមទៀត ដើម្បីត្រៀមការខ្វះខាតនៅរដូវប្រាំងនឹងមកដល់នាពេលខាងមុខនេះ។
លោក កុល វីរក្ស និងលោកស្រីមេឃុំតាប៉ុន បានបញ្ជាក់ថា រាល់សំណូមពរទាំងអស់ក៏ដូចជា សំណូមមួយចំនួននឹងចាប់ផ្ដើមអនុវត្តពេលផុតរដូវភ្លៀងខាងមុខនេះ រីឯមួយចំនួនទៀតយើងនឹងរកវិធាន ការធ្វើការដោះស្រាយបន្តទៀត។
ក្នុងពេលនោះដែរលោក កុល វីរក្ស បានអប់រំពន្យល់ប្រជាពលរដ្ឋអំពីរឿងនយោបាយ ជុំវិញឧបាយកលវិលចូលស្រុកវិញរបស់ក្រុមទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដែលរាជរដ្ឋាភិបាលស្របច្បាប់ និងមានវិធានការស្របច្បាប់ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមរបស់ប្រទេសជាតិ ដើម្បីធានាសុខសន្តិភាព សុវត្ថិភាពសង្គមជាតិ ជូនប្រជាប្រជាពលរដ្ឋ ដើម្បីធានាការអភិវឌ្ឍជាតិបន្តទៀត ព្រមទាំងបានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់សូមកុំជឿ តាមបុគ្គលមួយចំនួន បានដើរឃោសនាអូសទាញឲ្យទៅចូលរួមជាមួយក្រុមក្បត់ជាតិ នាំឲ្យមានទោស
ទណ្ឌដល់ខ្លួនដោយមិនដឹងខ្លួនផងដែរ៕