(កំពង់ធំ)៖ ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនមួយករណី នៅទឹកដីខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ កម្លាំងនគរបាលបានដកហូតថ្នាំញៀន សរុប ១០០គីឡូក្រាមហើយ ដោយនៅថ្ងៃទី២៤ ខែតុលានេះ ថ្នាំញៀនប្រមាណ៧គីឡូក្រាម ត្រូវបានរកឃើញបន្ថែមទៀត។
មន្ដ្រីនគរបាលខេត្តកំពង់ធំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីសួរនាំទៅលើជនសង្ស័យទាំង៤នាក់ រួចមកនៅថ្ងៃទី២៤ ខែតុលានេះ កម្លាំងនគរបាលខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា អ៉ិត សុធា បានបន្ដចុះឆែកឆេរបន្ថែមទៀត ហើយឈានទៅដល់ការរកឃើញ ថ្នាំញៀន៧គីឡូ ដូច្នេះសរុបគ្រឿងញៀន បានកើនឡើងរហូតដល់១០០គីឡូក្រាមហើយ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំមួយនេះ កម្លាំងនគរបាលបានចាប់ខ្លួនមេខ្លោង៤នាក់ ក្នុងនោះម្នាក់ជាជនជាតិថៃ កាលពីថ្ងៃទី២១ ខែតុលា ដោយដកហូតថ្នាំញៀនបាន៤០គីឡូក្រាម លុះដល់ថ្ងៃទី២៣ ខែតុលាម្សិលមិញ សមត្ថកិច្ចរកឃើញ៥៣គីឡូក្រាមទៀត និងនៅថ្ងៃនេះ រកឃើញបន្ថែម៧គីឡូក្រាម។
កាលពីព្រឹកមិញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើសន្និសីទសារព័ត៌មានលើកទី២ ជាមួយថ្នាំញៀនចំនួន ៥៣គីឡូក្រាម ក្នុងប្រតិបត្តិការស្រាវជ្រាវរកឃើញបន្ថែម កាលពីម្សិលមិញ បន្ទាប់ថ្នាំញៀនប្រមាណ ៤០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលដកហូតកាលពីពេលមុន។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលរបស់លោក ក្រោយចាប់ខ្លួនមេខ្លោងជួញដូរ គ្រឿងញៀនចំនួន ៤នាក់ និងដកហូតថ្នាំញៀនប្រមាណ ៤០គីឡូក្រាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រួចមក កម្លាំងបានរុករកទីតាំងលួចលាក់ទុកគ្រឿងញៀន នៅរសៀលថ្ងៃទី២៣ ខែតុលា ក្រោមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឈានដល់ការចុះឆែកឆេរផ្ទះមួយខ្នង នៅក្នុងភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ស្រាប់តែរកឃើញថ្នាំញៀនប្រមាណ ៥៣គីឡូទៀត។
ទិដ្ឋភាពនៃការឆែកឆេរ គឺត្រូវបាននាំជនសង្ស័យទាំង ៤នាក់ មកចង្អុលបង្ហាញនូវវត្ថុតាង ក្រោយពីបើកសោ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញវ៉ាលីក្រណាត់ចំនួន៣ មានពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ខៀវ ដែលបានលាក់ទុកនៅក្រោមគ្រែ ពេលនោះកម្លាំងសមត្ថកិច្ចបាននាំយកវ៉ាលីទាំង៣ មកឆែកបានប្រទះឃើញថ្នាំញៀន ដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយចំនួន៥ ដើម្បីបំភាន់ភ្នែកមហាជនចំនួន ៥៣ដុំ ស្មើរនឹង ៥៣គីឡូក្រាម។
ជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដ៏ធំ នៅខេត្តកំពង់ធំ រួមមាន៖
*ទី១៖ ឈ្មោះ SAk SAESONG អាយុ៣២ឆ្នាំ ជនជាតិថៃ
*ទី២៖ ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ៤២ឆ្នាំ
*ទី៣៖ ឈ្មោះ លី តឹក អាយុ៥៣ឆ្នាំ
*ទី៤៖ ឈ្មោះ គង់ វណ្ណៈ អាយុ៤០ឆ្នាំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំគិតថា គ្រឿងញៀនជាតួនាទីរបស់សមត្ថកិច្ច គឺត្រូវចូលរួមទប់ស្កាត់ការពារ ការជួញដូរ និងចែកចាយ ការសេព នៅក្នុងមូលរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ព្រោះគ្រឿងញៀនជាបីសាចបំផ្លាញអានាគតរបស់លោកអ្នក និងសង្គម៕