(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា នៅពេលបច្ចុប្បន្ននេះ ភាពងាយរងគ្រោះរបស់ក្មេងស្រី និងយុវវ័យជានារី ក្នុងការឆ្លងមេរោគអេដស៍ នៅតែជាបញ្ហាចំបងមួយ ក្នុងស្ថានភាពដែលយើង បាននិងកំពុងជួប និងត្រូវរួបរួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាព។
ភាពងាយរងគ្រោះរបស់ក្មេងស្រី និងយុវវ័យជានារីទូទៅ ក្នុងយុគសម័យបច្ចេកវិទ្យា និងបណ្តាញទំនាក់ទំនងសង្គមទូលំទូលាយ ក៏ដូចជា ក្រុមស្រ្តីងាយរងគ្រោះ គឺជាអ្វីដែល សាម៉ីខ្លួនជាយុវនារី អាណាព្យាបាល ក្រុមគ្រួសារ ស្ថាប័ន គ្រឹស្ថាន អប់រំ វិស័យឯកជន អាជ្ញាធរមានសមត្ថកិច្ច និងសង្គមស៊ីវិល ត្រូវចូលរួមចំណែកបន្ថែមទៀត បង្ការ និងដោះស្រាយភាពប្រឈមរបស់ក្មេងស្រី និងយុវវ័យជានារី ខណៈដែលយើងទាំងអស់គ្នាប្តេជ្ញាចិត្ត ចូលរួមសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការឈានឆ្ពោះទៅរក ការបញ្ចប់ការចម្លងមេរោគអេដស៍ត្រឹមឆ្នាំ២០២៥។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី អៀង មូលី បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី បើកវេទិការជជែកពិភាក្សាលើកកម្ពស់ ក្មេងស្រី យុជនជានារី ដើម្បីអនាគតភ្លឺស្វាង នាព្រឹកថ្ងៃព្រហសត្បិ៍១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។ វេទិការជជែកពិភាក្សាលើកកម្ពស់ក្មេងស្រី និងយុវជន ជានារី ដើម្បីអនាគតភ្លឺស្វាង ត្រូវបានរៀបចំឡើងក្រោម កិច្ចសហការ រវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងកិច្ចការនារី ក្រសួង អប់រំ យុវជន និងកីឡា ដោយមានការឧបត្ថម្ភ ដោយអង្គការ AHF (AIDS Healthcare Foundation)។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងបន្ត ដោយស្នើសុំចែករំលែកព័ត៌មានក្នុងវេទិការនេះឲ្យមានការយល់ដឹងអំពីបញ្ហាកាន់តែទូលំទូលាយ តែប្រកាន់ខ្ជាប់ការគោរពសិទ្ធបុគ្គល សិទ្ធស្រ្តី។ ឧទាហរណ៍ ដូចជារូបថត អត្តសញ្ញាណបុគ្គល ដែលមានការប៉ះពាល់បូរណភាពរាងកាយស្រ្តី និងសេចក្តីថ្លៃថ្នូរបស់មនុស្ស ជាពិសេសជនរងគ្រោះជាអនិតិជន។ តាមរយៈបទពិសោធន៍ អំពីបញ្ហាទាំងឡាយដែលពួកគេបានជួបប្រទះ យើងនឹងមានគំនិតយោបល់កាន់តែ សមស្របឆ្លើយតបទៅនឹងបញ្ហាពាក់ព័ន្ធទាំងនេះ ហើយគៀរគរឲ្យមានការចូលរួម ផ្តល់យោបល់ ស្វែករកដំណោះស្រាយសមស្រប មានប្រសិទ្ធភាពបន្ថែមទៀត ដែលអាចជួយឲ្យក្មួយៗ ក្មេងស្រីៗ និងយុវវ័យជានារី យល់ដឹង ស្គាល់បញ្ហាដែលវ័យរបស់ខ្លួនបានជួបប្រទះ និងមាន សមត្ថភាពការពារខ្លួន ឬ រកជំនួយដើម្បីការពារខ្លួន ក៏ដូចជាលើកស្ទួយសមត្ថភាព បង្កើនចំណេះដឹង ទូទៅ លើកកំពស់បំណិនជីវិតផ្ទាល់ខ្លួន ដើម្បីកុំឲ្យក្មេងស្រី និង ក្មួយៗយុវវ័យជានារី ប្រឈមមុខ នឹងការបំពានរាងកាយ ផ្លូវភេទ និងការពារខ្លួនពី ការចម្លងមេរោគអេដស៍។
សូមជម្រាបថា អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍នៅកម្ពុជា ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំវេទិកាពិភាក្សា «លើកកម្ពស់ក្មេងស្រី ដើម្បីអនាគតភ្លឺស្វាង» Girls Act នៅថ្ងែទី ២៤ ខែ តុលាឆ្នាំ២០១៩នេះ ។ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ជាសកលទូទាំង៤៣ប្រទេស ដែលអនុវត្តិការងារ និងមានសុច្ឆន្ទៈ ដែលប្រកាន់គោលជំហរគាំទ្រក្មេងស្រី ទូទាំងពិភពលោកដែលគាត់ជាអ្នកបណ្តុះគំនិតផ្លាស់ប្តូរ និងទទួលខុសត្រូវលើអនាគតរបស់គាត់ ដោយខ្លួនឯង។
ការរៀបចំវេទិកាពិភាក្សា «លើកកម្ពស់ក្មេងស្រី ដើម្បីអនាគតភ្លឺស្វាង» «Girls Act!» ជាកិច្ចចាប់ផ្តើមការងារយកចិត្តទុកដាក់ និងអនុវត្តការងារជាមួយដៃគូ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ដល់ក្មេងស្រី និងដើម្បីពិភាក្សាជារួមមួយជាមួយស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិលពាក់ព័ន្ធ ដែលបានចូលរួមចំណែកក្នុងការឆ្លើយតប ឲ្យបានសមស្របទៅនឹងបញ្ហារបស់ក្មេងស្រី និងជាពិសេសចំពោះក្មេងស្រីដែលងាយរងគ្រោះ និងកំពុងរស់នៅជាមួយមេរោគអេដស៍។
កិច្ចពិភាក្សានេះបានប្រមូលផ្តុំគ្នាជាមួយក្មេងស្រី ស្ត្រីដែលរងផលប៉ះពាល់ និងកំពុងរស់នៅជាមួយរោគមេរោគអេដស៍ ដែលធ្វើឲ្យមានសំឡេងកាន់តែររឹងមាំ ដើម្បីទាញឲ្យមានការយកទុកដាក់ និងសុច្ឆន្ទៈក្នុងការឆ្លើយតបទៅលើបញ្ហា ដែលកើតឡើងចំពោះក្មេងស្រី ដូចជាការសិក្សាអប់រំ សុខភាព ការទទួលបានសេវាគ្រប់ជ្រុងជ្រោយ ការរើសអើង ការរំលោភបំពាន អំពើហឹង្សា ការទទួលបានសេវាអប់រំ សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងសិទ្ធ និងបញ្ហាផ្សេងៗទៀត ដែលជាឧបសគ្គដល់ការអភិវឌ្ឍន៍ និងការទទួលខុសត្រូវពីអនាគតរបស់ពួកគេ។
«ពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់ ជាពិសេសស្រ្តី និងក្មេងស្រ្តី ដែលកំពុងប្រឈមមុខទៅនឹងបញ្ហាជាច្រើន ដែលធ្វើឲ្យរាំងស្ទះនៃការអភិវឌ្ឍរូបគេ ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល និងជាពិសេស គឺងាយទទួលរងគ្រោះ ពីការឆ្លងមេរោគអេដស៍។ AHF បានចូលរួមចំណែកក្នុងការជួយដោះស្រាយវិបត្តិនេះ តាមរយៈការបង្កើតព្រឹត្តិការណ៍សំខាន់ៗ និងកម្មវិធីជាច្រើនដើម្បីក្មេងស្រី និងស្ត្រីរបស់យើង! នៅតាមបណ្តាប្រទេសនានា រួមជាមួយកម្ពុជាដែរ»។
អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍សូមអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ និងការចូលរួមជាមួយសហគមន៍ ឲ្យបង្កើតឲ្យបាននូវការគាំទ្រ និងឱកាសកាន់តែទូលំទូលាយ សម្រាប់ក្មេងស្រីនៅគ្រប់ទីកន្លែង-និងគ្រប់គ្នា ដើម្បីធានាបានថា ពួកគេមានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសិក្សាអប់រំ និងពួកគេត្រូវការរស់នៅ ក្នុងជីវិតដែលមានភាពសប្បាយរីករាយ និងជីវិតដែលទទួលបានជោគជ័យ-រួមទាំងការទទួលបានសេវា ការពារអាយុជីវិត ការធ្វើតេស្តរកមេរោគអេដស៍ ការការពារ និងការព្យាបាល៕