(ភ្នំពេញ)៖ លោក កុយ គួង អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី និងញ៉ូវហ្សីឡែន បានត្រឡប់មកធ្វើជាអ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាថ្មីម្តងទៀត ជំនួសលោក កេត សោផាន់ ដែលត្រូវចេញបំពេញការងារថ្មី។
ការតាំងតែងលោក កុយ គួង ជាអ្នកនាំពាក្យក្រសួងការបរទេសថ្មីនេះ ធ្វើឡើងតាមប្រកាសរបស់ក្រសួងការបរទេស ដែលចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នេះបើតាមប្រកាសរបស់ក្រសួងការបរទេស។
ក្រៅពីការងារជាអ្នកនាំពាក្យលោក កុយ គួង ក៏មានភារកិច្ចជួយរដ្ឋមន្ត្រីក្រសួងការបរទេស លើការងារនាយកដ្ឋានព័ត៌មាន និងនាយកដ្ឋានគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ។
ចំណែកលោក កេត សោផាន់ អតីតអ្នកនាំពាក្យក្រសួងការបរទេស ដែលមានឋានៈជាអនុរដ្ឋលេខាធិការ ត្រូវបានក្រសួងការបរទេសប្រគល់ភារកិច្ច ជួយរដ្ឋមន្ត្រីលើការងារ UNESCO និងជួយលោករដ្ឋលេខាធិការ អ៊ុច បូរិទ្ធ លើកកិច្ចការអឺរ៉ុប។
គួររំលឹកថា លោក កុយ គួង ធ្លាប់ធ្វើជាអ្នកនាំពាក្យរបស់ ក្រសួងការបរទេសរយៈពេលជាច្រើនឆ្នាំ ទើបក្រោយមកលោកត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី និងញ៉ូវហ្សីឡែន ទើបពេលនេះលោកត្រូវបានផ្តល់តួនាទីថ្មី៕