(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានប្រាប់ទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា រដ្ឋាភិបាលអាមេរិក គ្មានគោលនយោយបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយនោះទេ ហើយលោកមកធ្វើការនៅកម្ពុជា គឺដើម្បីគាំទ្រកម្ពុជា និងធ្វើជាដៃគូដ៏សំខាន់របស់កម្ពុជា។
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលប្រមុខការទូតកម្ពុជា អនុញ្ញាតឲ្យលោកចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ។ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានធ្វើសន្និសីទសារព័ត៌មានស្តីពីជំនួបនេះ។
លោក កុយ គួង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធទៅនឹងជំហររបស់សហរដ្ឋអាមេរិកវិញ លោក Patrick Murphy បានបញ្ជាក់ច្បាស់ណាស់ថា សហរដ្ឋអាមរិកគ្មានគោលនយោបាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ គឺជំហរសហរដ្ឋអាមេរិក ជាពិសេសមានរូបលោកជាតំណាង គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានេះ គឺជំហរសំខាន់ គឺដើម្បីគាំទ្រ ឬក៏ជាដៃគូដ៏សំខាន់របស់ប្រទេសកម្ពុជា»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានឲ្យដឹងបន្ថែមថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការអបអរសាទរ ដែលលោក Patrick Murphy ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពជា។
ប្រមុខការទូតខ្មែរបានបញ្ជាក់ថា លោក Patrick Murphy ធ្លាប់ជាឥស្សរជនជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេរិក, លោកធ្លាប់ជាឧបការីរងរដ្ឋមន្ត្រីការបរទេស ដូច្នេះការតែងតាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេរិក ឲ្យធ្វើជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជានេះ ក៏បានបង្ហាញពីសុឆន្ទៈរបស់សហរដ្ឋអាមេរិក ដែលចង់ឲ្យមានការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Patrick Murphy ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក Patrick Murphy ថា ចាប់ពីពេលនេះទៅកម្ពុជា និងអាមេរិក នឹងធ្វើការងារជាមួយគ្នាបន្តទៀត ជាពិសេស គឺធ្វើយ៉ាងណាពង្រឹកពង្រីកនិងរឹតបន្តឹងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលមានស្រាប់ និងទៅលើវិស័យសំខាន់ៗដទៃទៀត។
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញជំហរថា យកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សារងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះនៅវិមានសន្តិភាព។ ជំហររបស់លោកឯកអគ្គរដ្ឋទូតនេះ ក៏ត្រូវបានយកមកចុះផ្សាយនៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។
ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា ក្នុងជំនួបសម្តេចតេជោ និងលោក មូហ្វី បានពិភាក្សាពីកិច្ចគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងសម្រាប់កម្ពុជា មានភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាព។
លោក Patrick Murphy និងភរិយារបស់លោក បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក លោក Murphy បានចាប់ផ្តើមការងារនៅថ្ងៃដំបូងរបស់លោកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយមានការសែនព្រេន នៅផ្ទះអ្នកតាក្នុងស្ថានទូត។
លោក Patrick Murphy ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័ត ឱ្យក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសខ្លួន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រួចហើយប្រធានាធិបតីលោក Trump បានបញ្ជូនការតែងតាំងនេះ ទៅព្រឹទ្ធសភា ដែលយោងតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានការទទួលខុសត្រូវក្នុងការផ្តល់ «ប្រឹក្សានិងការយល់ព្រម» លើការតែងតាំងទាំងឡាយ ដោយប្រធានាធិបតី ក្នុងនោះមានឯកអគ្គរដ្ឋទូតផងដែរ។
លោកជាអតីតឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ហើយជាសមាជិកអាជីពម្នាក់ នៅក្នុងកិច្ចការបរទេសជាន់ខ្ពស់។ កន្លងមកលោក គឺជាអនុប្រធានទូត និងជាភារធារី ប្រចាំនៃប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦, នៅប្រទេស Lesotho ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨ ហើយបានធ្វើជាតំណាងស្តីទីពិសេស និងជាអ្នកសម្របសម្រួលគោលនយោបាយ សម្រាប់ប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។
លោក Patrick Murphy បានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីការសាកលវិទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា និងបានបម្រើការងារក្នុងវិស័យការទូតលើស២៥ឆ្នាំ ហើយលោកបានកាន់តំណែងជាន់ខ្ពស់ជាច្រើនផងដែរ។
កាលពីពេលកន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបង្ហាញភាពសុទិដ្ឋិនិយមថា លោក Patrick Murphy នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពល្អប្រសើរ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានលោក Patrick. Murphy ឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈល្អប្រសើរ ដោយសារលោកទូត មានបទពិសោធន៍ និងចំណេះដឹងការងារការទូតច្រើនឆ្នាំ, លោកនឹងធ្វើការងារការទូត»។
គួររំលឹកដែរថា លោក Patrick Murphy កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញក្តីសប្បាយរីករាយ ដោយមានកិត្តិយសដ៏ធំធេង បានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងព្រះបរមរាជវាំង ដើម្បីបង្ហាញខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ចំពោះព្រះភក្រ្តព្រះមហាក្សត្រ។ លោកថែមទាំងបាន បញ្ជាក់ពីជំហរចង់ជួបជាមួយសមាជិកនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពផងដែរ។
លោកបានសរសេរសារខ្លីនៅបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា៖ «បន្ទាប់ពីចូលគាល់បង្ហាញខ្លួនក្នុងនាមជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា ចំពោះព្រះភក្រ្តព្រះមហាក្សត្ររួចហើយ ខ្ញុំកំពុងរង់ចាំជួបជាមួយសមាជិកនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។
បន្ទាប់ពីលោក Patrick Murphy បានបង្ហាញពីបំណងចង់ជួបមន្រ្តីរាជរដ្ឋាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពអាមេរិក-កម្ពុជា ក្រោយចូលគាល់ព្រះមហាក្សត្រនោះ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសារស្វាគមន៍ និងអបអរសាទរយ៉ាងខ្លាំង។
លោក ផៃ ស៉ីផាន ថែមទាំងថ្លែងទៀតថា អ្វីៗដែលមានសព្វថ្ងៃ ក៏មានចំណែកចូលរួមរបស់សហរដ្ឋអាមេរិកផងដែរ ហើយកម្ពុជាគឺជាប្អូនស្រីរបស់អាមេរិក៕