(កំពង់ធំ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារបារាយណ៍នេះ បានរកឃើញភេសជ្ជៈមួយចំនួន ហួសកាលបរិច្ឆេទ និងបានធ្វើ កំណត់ដកហូត យកទុកដុកកំទេចចោលនាពេលក្រោយផងដែរ ដែលទំនិញហួសកាលខូចគុណភាពទាំងនោះរួមមាន៖ ១-ទឹកក្រូចម៉ាក Fanta ចំណុះ៣៣០ ml ចំនួន៩ដប ផលិតនៅប្រទេសកម្ពុជា,២-នំប្រៃ ម៉ាក Starkist ចំនួន១កញ្ចប់ ផលិតនៅប្រទេសម៉ាឡេស៊ី,៣-នំសូកូឡា ម៉ាក Cboctwist ចំនួន១០កញ្ចប់ ផលិតនៅប្រទេសម៉ាឡេស៊ី, ៤-នំស្រួយ ម៉ាក Sakera ទម្ងន់១គីឡូ ផលិតនៅប្រទេសខ្មែរ,៥- នំស្រួយ ម៉ាក Dynamite ចំនួន៣កញ្ចប់ ផលិតនៅប្រទេសខ្មែរ,៦-នំស្រួយ ម៉ាកSwizz ៣កញ្ចប់ ផលិតនៅប្រទេសថៃ,៧ -នំសូកូឡា ម៉ាក Today ចំនួន៣កញ្ចប់ ផលិតនៅប្រទេសថៃ ,៨-កាហ្វេ ម៉ាកណេស្លេ ១កំប៉ុង ផលិតនៅកម្ពុជា និងទី៩-កាហ្វេ ម៉ាក Mycbeuy ចំនួន៦កញ្ចប់ ផលិតនៅថៃ ។
លោកប្រធានសាខាក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
សកម្មភាពការត្រួតពិនិត្យ របស់មន្រ្តីកាំកុងត្រូល ត្រូវបានធ្វើឡើងនៅគ្រប់ទិសទី មិនថា នៅលើទីផ្សារ តាមជនបទ គឺធ្វើឡើង ការពារចំពោះសុខុមាភាព របស់ប្រជាពលរដ្ឋ មិនអនុញ្ញាតឲ្យនាំចូល ទំនិញខូច គុណភាពចូលមកទឹកដីកម្ពុជាយើងឡើយ៕