(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសនោះថា មហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបន្តនូវចីរភាពដល់អង្គការមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួមរបស់ក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាម រយៈអភិបាលកិច្ច តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកអភិបាលខេត្តថ្លែងបន្តថា មហាសន្និបាតអាណត្តិទី៣នេះ គឺជាឱកាសដែលសមាគមជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ចាម បង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបាន ក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បន្ទាប់ពីត្រូវបានបង្កើតឡើង។
ជាមួយគ្នានេះដែរ មហាសន្និបាតអាណត្តិទី៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ គឺពិនិត្យកែសម្រួល និងអនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចរបស់សមាគម សម្រាប់អាណត្តិទី៣ មានជាអាទិ៍ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាសមាគម និងសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម៕