មន្រ្តីកាំកុងត្រូល ចុះត្រួតពិនិត្យទំនិញដាក់លក់តាមស្ដង់តាំងពិព័រណ៍កម្ពុជា-ថៃ ក្នុងខេត្តកំពង់ធំ តែពុំរកឃើញមុខទំនិញណា មានផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទឡើយ
24-10-2019 12:41
(កំពង់ធំ)៖ នៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញតាំងពិព័រណ៍កម្ពុជា-ថៃ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយការត្រួតពិនិត្យ ពុំឃើញមានទំនិញខូចគុណភាព និងមានសារធាតុគីមីឡើយ។
ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។
ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕