(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយមានការសោកស្ដាយចំពោះលោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបានផ្ដល់ព័ត៌មាន ដោយពុំបានសហការជាមួយរដ្ឋបាលខណ្ឌ ក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងឯកសារពាក់ព័ន្ធដើម្បីឲ្យព័ត៌មានមានតុល្យភាព។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌនឹងចាត់វិធានការ ផ្លូវច្បាប់ចំពោះបុគ្គល ដែលរឹងរូសមិនអនុវត្តតាមសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងបុគ្គល ដែលប្រឆាំងនឹងការអនុវត្តវិធានការរបស់រាជការសាធារណៈទៅសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នតុលាការ។
លើសពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា គណៈបញ្ជាការឯកភាពខណ្ឌ បានអនុវត្តវិធានការរដ្ឋបាលចំពោះការកាន់កាប់ដីឡូត៌ ខុសច្បាប់របស់ឈ្មោះ ព្រំ បូរ ដែលលើសពីការសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នោះពុំមានការប្រើអំពើហិង្សាទៅលើ ប្រជាពលរដ្ឋណាម្នាក់នោះទេ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន, រដ្ឋបាលខណ្ឌសូមបញ្ជាក់ថា ឈ្មោះ ព្រំ បូរ បានទទួលដីឡូត៌ចំនួន ៤ឡូត៌ ដែលមានឡូត៌លេខ៩ ឡូត៌លេខ១១ ឡូត៌លេខ១៣ ផ្លូវលេខ១៧១៩ (ផ្លូវ៥៩៨) និងឡូត៌លេខ១០ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ប៉ុន្តែឈ្មោះ ព្រំ បូរ មិនព្រមអនុវត្តទៅតាមសេចក្ដីសម្រេចនេះទេ ដោយបន្តកាន់កាប់ទីតាំងដីផ្សេងទៀតខុសច្បាប់រំលោភលើសិទ្ធិអ្នកដ៏ទៃ ដែលទទួលបានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ដីតាមសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ដើម្បីធានាបាននូវសិទ្ធិស្របច្បាប់របស់អ្នកដ៍ទៃ រដ្ឋបាលខណ្ឌ សម្រេចអនុវត្តវិធានការរដ្ឋបាល ដើម្បីយកដីដែលឈ្មោះ ព្រំ បូរ កាន់កាប់ខុសច្បាប់នេះទៅប្រគល់ជូនប្រជាពលរដ្ឋដ៍ទៃទៀត ដែលមានសិទ្ធិស្របច្បាប់។
ជុំវិញបញ្ហាខាងលើនេះ រដ្ឋបាលខណ្ឌឫស្សីកែវ រីករាយរង់ចាំផ្ដល់កិច្ចសហការដល់គ្រប់ផ្នែក គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្ដល់ព័ត៌មាន និងឯកសារពាក់ព័ន្ធគ្រប់ពេលវេលានៃម៉ោងធ្វើការ៕