(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ដ្រជាតិ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ និងតំណាងស្ថានទូតនានានៅក្នុងប្រទេសកម្ពុជា អង្គការសង្គមស៊ីវិល ជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងអំពីគោលដៅ គឺបន្តលើកកម្ពស់រាល់កិច្ចខិតខំប្រឹងប្រែង ក្នុងសង្គម និងរិះរកវិធានការ និងវិធីសាស្ត្រថ្មីៗ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ រាល់ទម្រង់ចាស់ ថ្មី នៃអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងរាល់អំពើពាក់ព័ន្ធដែលកើតមាននៅក្នុង ប្រទេសកម្ពុជា និងទៅលើប្រជាជនកម្ពុជា ទោះជានៅទីណាក៏ដោយ។
ដោយឡែក សម្រាប់គោលបំណងវិញ ត្រូវបានលោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ធានាឲ្យមានប្រព័ន្ធគាំពារសង្គម ដើម្បីការបង្ការទប់ស្កាត់ភាពរងគ្រោះ ឲ្យមានប្រសិទ្ធភាព ការអនុវត្តច្បាប់ដែលមានឥទ្ធិពល និងការផ្តន្ទាទោសយ៉ាងសុក្រឹត្យចំពោះបទឧក្រិដ្ឋនេះ ដើម្បីយុត្តិធម៌សង្គម ជាពិសេសការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលជាមនុស្សគ្រប់វ័យ គ្រប់ភេទ និងនៅគ្រប់ស្ថានភាព៕