(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ធកាល័យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថទូទាំងប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជិត៤០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព ឧត្តមសេនីយ៍ត្រី សោម ស្រៀង នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដែលទើបតែទទួលមរណភាព ដោយរោគាពាធ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានធ្វើការនាំនូវការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសព និងបានសម្តែងនូវការសោកស្តាយ យ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ សមាជិកដ៏ល្អមួយរូបនេះ ចេញពីជួរអង្គភាពកងរាជអាវុធហត្ថ។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងថា មូលហេតុចម្បង ក្នុងការបង្កើតមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថនេះ គឺធ្វើឡើងដោយចេញពីបេះដូង និងឆន្ទៈ របស់នាយឧត្តមសេនីយ៍ សៅ សុខា និងទាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងគោលបំណងជួយទៅដល់បុគ្គលិក របស់កងរាជអាវុធហត្ថទូទាំងប្រទេសទាំងអស់ នៅពេលដែលជួបទុក្ខលំបាក និងជាការរួមចំណែកជួយទៅដល់ កិច្ចការងារសង្គម និងសប្បុរសធម៌។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បន្តទៀតថា នាយឧត្តមសេនីយ៍ សៅ សុខា គឺមិនដែលបានបោះបង់ចោល នូវបុគ្គលិក ឬសមាជិកក្រុមគ្រួសារ របស់កងរាជអាវុធហត្ថទូទាំងប្រទេសមួយណាឡើយ នូវពេលដែលពួកគាត់បានជួបទុក្ខលំបាក។ លោកបញ្ជាក់ទៀតថា នេះគឺជាសពអាវុធហត្ថទី១១១ ហើយដែលបានបង្កើតក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៧ ដែលកងរាជអាវុធហត្ថ បាននាំនូវមូលនិធិមហាគ្រួសារ មកជួយដល់ក្រុមគ្រួសារសព។

តំណាងក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី សោម ស្រៀង ក៏បានធ្វើការថ្លែងអំណរគុណ ជូនទៅដល់ក្រុមការងារ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានអង្គភាពដ៏គំរូ ដែលតែងតែយកចិត្តទុកដាក់ ជួយទៅដល់ក្រុមគ្រួសារពួកគាត់ នូវពេលដែលកំពុងជួបទុក្ខលំបាក ដូចជាពេលនេះជាដើម៕