(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមការងារសមយុទ្ធនាគមាសឆ្នាំ២០២០ ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ចាង យ័នសុង (Zhang Yun Song) នាយសេនាធិការសម្ព័ន្ធអង្គទ័ពលេខ៧៥ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ជួបសម្តែងការគួរសម នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។

ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និតស្នាលនេះ គឺធ្វើឡើងដើម្បីទំនាក់ទំនងល្អ នូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ចិន និយាយជារួម និងបង្កើនចំណងសាមគ្គីភាពជាមួយកងពលតូចលេខ៧០។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូនប្រតិភូថា កម្ពុជាមានសន្តិភាព មានការអភិវឌ្ឍ ក្នុងកងយោធពលខេមរភូមិន្ទ ក៏មានការរីកចម្រើនជាលំដាប់ទាំងសម្ភារប្រើប្រាស់ និងមានជំនាញច្បាស់លាស់។

កន្លងមកកងទ័ពកម្ពុជា និងចិនបានហ្វឹកហ្វឺនជាមួយគ្នា រហូតដល់ការធ្វើសមយុទ្ធរួមគ្នា ដើម្បីលើកកម្ពស់ជំនាញបម្រើឲ្យកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងមនុស្សធម៌ ដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នា និងគ្នា៕