(តូក្យូ, ជប៉ុន)៖ នាយករដ្ឋមន្ត្រីជប៉ុន ស្ស៉ីនហ្សូ អាបេ បានទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថា ជប៉ុនបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយឈរនៅជាមួយកម្ពុជាជានិច្ច។
ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងក្នុងពេលអញ្ជើញចូលគាល់ និងជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងពេលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជកិច្ចក្នុងប្រទេសជប៉ុន។
យោងតាមទំព័រ Facebook របស់ព្រះបរមរាជវាំង បានឱ្យដឹងថា ក្នុងជំនួបសវនាការនោះ លោកនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសជប៉ុន និងកម្ពុជា មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងនាមជាដៃគូរយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ២០១៣មក។
លោក អាបេ បានគូសបញ្ជាក់ថា ប្រទេសជប៉ុន តែងតែឈរនៅជាមួយប្រទេសកម្ពុជាលើការអភិវឌ្ឍន៍ប្រជាធិបតេយ្យ និងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្រោមការឯកភាពរបស់ប្រជាជន។
លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានអះអាងផងដែរថា ប្រទេសជប៉ុន ក៏បានគាំទ្រដល់ការអភិរក្សប្រាសាទអង្គរ អស់រយៈពេលជាច្រើនឆ្នាំ ហើយនឹងបន្តគាំទ្រការផ្លាស់ប្តូរលើវិស័យវប្បធម៌ និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យមានព្រះរាជឱង្ការថា ព្រះអង្គ មានមហាកត្តិយសបានយាងចូលរួមក្នុងព្រះរាជពិធីជាប្រវត្តិសាស្រ្ត នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito ក្នុងឱកាសនេះ និងសូមថ្វាយនូវព្រះសព្ទសាធុការពរ ថ្វាយដល់ព្រះចៅអិរាជ។
ព្រះអង្គ ក៏បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក និងបានអបអរសាទរចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងឈានទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ៕