(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «១ម៉ឺន អាល័យ» លើកទី៥ ដែលរៀបចំដោយក្រុម «ព្រះសុរិយា» បានដំណើរការដាក់បញ្ចាំង នូវភាពយន្តល្បីៗជំនាន់ទសវត្សរ៍ទី៦០ និង៧០ ចំនួន៣រឿង ជូនទស្សនិកជន បានទស្សនាដោយឥតគិតថ្លៃ។

ពិធីដំណើរការចាក់បញ្ចាំងភាពយន្តជំនាន់ដើមនេះ ធ្វើឡើងក្រោមវត្តមានលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមអ្នកសិល្បករ សិល្បការិនីយ៉ាច្រើនផងដែរ។

ភាពយន្តទី១ ដែលត្រូវបានដាក់បញ្ចាំង ជូនប្រិយមិត្តទស្សនាថ្ងៃបើកឆាក គឺរឿង «បក្សីឋានសួគ៌»។ តាមលោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ដែលប្រមូលផ្ដុំដោយយុវជនខ្មែរមួយក្រុម បានឱ្យដឹងថា រឿងនេះគឺជារឿងមួយក្នុងចំណោមរឿងសរុបជាង១០ ដែលត្រូវបានក្រុម របស់លោកស្រាវជ្រាវរកឃើញ។

លោកបានបន្តថា ភាពយន្តនេះ លោកបានស្រាវជ្រាវដល់ប្រទេសថៃ ក្រោយពីរឿងនេះ និងរឿងខ្មែរផ្សេងទៀត ត្រូវបានបាត់បង់ខ្ចាត់ខ្ចាយ ដោយសារសង្គ្រាមខ្មែរក្រហម។ យ៉ាងណាពេលនេះរឿងមួយចំនួន បានមកដល់ប្រទេសដើម គឺកម្ពុជាវិញ ហើយដោយរឿងខ្លះ ក៏បានដាក់បញ្ចាំងរួចរាល់ នៅក្នុងព្រឹត្តិការណ៍ ១ម៉ឺន អាល័យ តាំងពីលើកទី១មក និងខ្លះទៀតត្រៀមដាក់បញ្ចាំងបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

ចំពោះព្រឹត្តិការណ៍ «១ម៉ឺន អាល័យ» នេះដែរលោក កែវ រ៉េមី ដែលបានអញ្ជើញជាកិត្តិយស ធ្វើជាអធិបតីក្នុងពិធីបានសាទរពេញទំហឹង ចំពោះព្រឹត្តិការណ៍ខាងលើ ដោយលោកលើកឡើងថា កម្ពុជាមានរជ្ជកាលភាពយន្តរុងរឿងខ្លាំងណាស់ ពីអតីតកាលដោយមានរឿងខ្មែរល្បីៗ ជាច្រើននាសម័យនោះដូចជារឿង «ទេពធីតា សក់ពស់» ជាដើម។

ប៉ុន្តែភាពយន្តទាំងនោះ បានខ្ចាត់ខ្ចាយអស់ ដោយសារសង្គ្រាម ប៉ុន្តែឥឡូវបានរកឃើញមកវិញខ្លះ តាមរយៈព្រឹត្តិការណ៍ «១ម៉ឺនអាល័យ» នេះ ដូច្នេះ ហើយជាអ្នកស្រឡាញ់ភាពយន្តមួយរូបសូមគាំទ្រ និងស្នើក្រុមយុវជន នៃក្រុមព្រះសុរិយាបន្តការងាររបស់ខ្លួន។ ដោយឡែកមហាជនសូមបន្តគាំទ្រ បេសកកម្មរបស់ «១ម៉ឺន អាល័យ» នេះ បន្តទៀត។

វិលមករឿង «បក្សីឋានសួគ៌» គឺជារឿងខ្មែរ ដ៏ល្បីនាទសវត្សរ៍ទី៦០ និង៧០ រឿងនេះដឹកនាំដោយអ្នកដឹកនាំរឿងជនជាតិបារាំង លោក ម៉ាកសេ កាមូ។ លោក ម៉ាកសេ កាមូ គឺជាមិត្តជំនិតរបស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដិ ហើយខ្សែភាពយន្តដែលដឹកនាំដោយលោករឿង «បក្សីឋានសួគ៌» នេះទទួលភាពល្បីល្បាញខ្លាំងទូទាំងពិភពលោក ឯណោះ។ នេះបើតាមការបញ្ចេញឲ្យដឹងពីក្រុមព្រះសុរិយា។

លោក ភីរម្យ វ័យ៤១ឆ្នាំ ដែលនាំកូនប្រុសពីរ មករូបមកទស្សនាផងដែរបានឱ្យដឹងថា នេះជាស្នាដៃដ៏ល្អមួយ។ លោកថា រឿងនេះ បាននាំលោកទៅដល់អតីតកាលមួយ ដែលលោកពុំធ្លាប់ឃើញ ក្នុងនោះលោកបានឃើញ ពីជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ នាសម័យ និងបានកត់សម្គាល់ឃើញថាបងប្អូនខ្មែរសម័យនោះមើលទៅរួសរាយ និងចេះជួយគ្នាណាស់។ ដោយឡែកសាច់រឿង ក៏ល្អមានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរច្បាស់ណាស់។

ក្រោយពីរឿង «បក្សីឋានសួគ៌» បានបើកឆាកព្រឹត្តិការណ៍ «១ម៉ឺនអាល័យ» មានភាពយន្តខ្មែរល្បីៗ ជំនាន់ដើម២រឿងទៀត នឹងដាក់បញ្ជូននៅថ្ងៃទី២៣នេះ ដល់ទី២៤ គឺមានរឿង «ពិជ័យវង្សា» និងរឿង «កាកី» ឆ្នាំ១៩៦៧។

លោក កែវ រ៉េមី បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស គឺឱ្យតម្លៃយ៉ាងខ្លាំងទៅលើសិល្បះយ៉ាងខ្លាំង សូម្បីតែថ្នាក់ដឹកនាំ របស់គណៈកម្មាធិការមួយចំនួន ក៏ជាសិល្បះផងដែរ។

លោកបានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះក្រុមអ្នកសិល្បះ ដោយបានរៀបចំឱ្យមានពិធីជួបជុំរវាងសម្តេច និងក្រុមអ្នកសិល្បះជារៀងរាល់ខែមីនា ជារៀងរាល់ឆ្នាំ ជាមួយក្រុមអ្នកសិល្បករ សិល្បការិនី របស់ខ្មែរយើង។ ជាពិសេសនៅក្នុងពិធីជួបជុំអ្នកសិល្បះ សម្តេចតែងតែជំរុញឱ្យអ្នកនិពន្ធផ្នែកសិល្បះទាំងអស់ មានការរីកចម្រើនផងដែរ៕