(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីបញ្ហាអាកាសធាតុចាប់ពីថ្ងៃទី២៥ ដល់ ៣១ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ជ្រលងសម្ពោធខ្ពស់ខ្សោយពីប្រទេសចិន បាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ពីបញ្ហាអាកាសធាតុនៅកម្ពុជាយ៉ាងដូច្នេះថា៖
១៖ ចាប់ពីថ្ងៃទី២៨-៣១ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើនៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច។
២៖ ចាប់ពីធ្ងៃទី២៥-៣១ ខែតុលា៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅជាប់តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីតិចទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងក៏នៅតែអំពាវនាវឲ្យបងប្អូន ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕