(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយ និងបំភ្លឺនូវរាល់បញ្ហាវិវាទដីធ្លីដែលបានកើតឡើង នៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបុគ្គលឈ្មោះ ព្រំ បូរ និងបក្ខពួកនៅតែបន្ដរឹងរុះ មិនព្រមរុះរើសសំណងខុសច្បាប់របស់ខ្លួនចេញពីតំបន់អភិវឌ្ឍនឫស្សីកែវ។
អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាលជំហានទី១ ដើម្បីរុះរើសំណង់មួយចំនួន ដែលបានសាងសង់ដោយឈ្មោះ ព្រំ បូរ រំលោភលើដីគម្រោងផ្សារ សាលារៀន និងចំណតរថយន្តដែលជាដីសាធារណៈរបស់រដ្ឋ ឈានទៅដកហូតយកដីនេះទាំងស្រុង ដើម្បីដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋស្នាក់នៅ តំបន់មិនរៀបរយប្រមាណជាង២៥០គ្រួសារ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យទទួលបានកន្លែងរស់នៅសមរម្យដូចប្រជាពលរដ្ឋទូទៅ។
ក្នុងអំឡុងពេលអនុវត្តវិធានការនេះ ឈ្មោះ ព្រំ បូរ និងក្រុមគ្រួសារ បានរៀបចំសេនារិយូមួយចំនួន ដូចជាធ្វើបដាដែលមានរូបភាពថ្នាក់ដឹកនាំ កំពូលរបស់រដ្ឋ និងផ្តល់ព័ត៌មានមិនច្បាស់លាស់ដល់អ្នកសារព័ត៌មានមួយចំនួន ដើម្បីរារាំង បង្អាក់ និងប្រឆាំងតបតការអនុវត្តវិធានការដ្ឋបាលរបស់ អ្នករាជការសាធារណៈ និងដើម្បីបំភ័ណ្ឌសាធារណៈមតិ។
លោកអភិបាលខណ្ឌឫស្សីកែវ បានចាត់ទុកថា ទង្វើរបស់ក្រុមឈ្មោះ ព្រំ បូរ គឺជាចេតនាបង្អាប់បង្អោនកិត្តិយសរបស់ថា្នក់ដឹកនាំកំពូលរបស់រដ្ឋ និងមន្ត្រីរាជការសាធារណៈ ជាពិសេសកិត្តិយសមន្ត្រីយោធា ដែលឈ្មោះ ព្រំ បូរ យកតួនាទីរបស់ខ្លួនដើម្បីការពារដីធ្លីដែលរំលោភយកដីសាធារណៈរបស់រដ្ឋ។
បើតាមលោក ជា ពិសី តំបន់អភិវឌ្ឍន៍ឫស្សីកែវ គឺជាតំបន់ទំនាស់រ៉ាំរ៉ៃជាង២០ឆ្នាំមកហើយ ដើម្បីឈានទៅបញ្ចប់ទំនាស់នេះ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្នុងន័យមនោសញ្ចេតនា បានសម្រេចផ្តល់ដីជូនឈ្មោះ ព្រំ បូរ ចំនួន៤ឡូតិ៍ ក្នុងនោះមាន៣ឡូតិ៍ នៅលើផ្លូវធំលេខ៥៩៨ ដែលជាឡូតិ៍អត្ថិភាព ក្នុងការដោះស្រាយដីធ្លី ទោះបីជាឈ្មោះ ព្រំ បូរ រំលោភកាន់កាន់ដីរដ្ឋក៏ដោយ។ ប៉ុន្តែឈ្មោះ ព្រំ បូរ មិនត្រឹមតែមិនទទួលយកតាមការសម្រេចនេះទេ ថែមនៅតែចិញ្ចឹមចិត្តយកដីសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជានិច្ច។
លក្ខខណ្ឌដែលរដ្ឋបាលខណ្ឌឫស្សីកែវ អនុវត្តវិធានការរដ្ឋបាលនាពេលនេះ គឺអាជ្ញាធរខណ្ឌបានចេញសេចក្តីជូនដំណឹង ចំនួន៣លើក និងរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចំនួន៣លើក រួចមកហើយ ហើយរដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញឈ្មោះ ព្រំ បូរ ចូលរួមសម្របសម្រួល ជាច្រើនលើកច្រើនសាររួចហើយដែរ ដើម្បីឲ្យទទួលយកដីឡូតិ៍តាមការសម្រេចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ប៉ុន្តែឈ្មោះ ព្រំ បូរ ពុំមានឆន្ទៈចូលរួមសម្របសម្រួល ដើម្បីបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃក្នយងតំបន់នេះទេ៕