សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១ម៉ឺនដុល្លារ សម្រាប់ជួយដល់ការព្យាបាល លោក សំរិទ្ធ ឯកសុវណ្ណ នាយករងព័ត៌មានទូរទស្សន៍ CNC
23-10-2019 21:37
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១ម៉ឺនដុល្លារអាមេរិក ជួយលោក សំរិទ្ធ ឯកសុវណ្ណ អាយុ៤៨ឆ្នាំ ដែលជានាយករងព័ត៌មានទូរទស្សន៍ CNC សម្រាប់ព្យាបាលជំងឺ មេរោគក្នុងឈាម ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសថៃ។
ថវិកាសប្បុរសធម៌នេះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រគល់ជូន លោកស្រី សុខ លីន ត្រូវជាប្អូនថ្លៃរបស់លោក សំរឹទ្ធ ឯកសុវណ្ណ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ហេីយបាន យកទៅប្រគល់ជូនផ្ទាល់ដៃដល់ក្រុមគ្រួសារអ្នកជំងឺនៅឯមន្ទីរពេទ្យប្រទេសថៃ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះហេីយ។
ក្រុមគ្រួសារលោក សំរឹទ្ធ ឯកសុវណ្ណ ក៏ដូចជាមិត្តរួមការងារ និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរព ដឹងគុណចំពោះគុណធម៌ដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយសម្រាលទុក្ខលំបាកដល់គ្រួសាររបស់លោក សំរិទ្ធ ឯកសុវណ្ណ នៅក្នុង គ្រា ដែលកំពុងជំនះការលំបាកពីការយាយីដោយសារជំងឺនេះ៕