(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់លោក Patrick Murphy ថា ចាប់ពីពេលនេះទៅយើងនឹងធ្វើការងារជាមួយគ្នាបន្តទៀត ជាពិសេស គឺធ្វើយ៉ាងណាពង្រឹកពង្រីកនិងរឹតបន្តឹងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលមានស្រាប់ និងទៅលើវិស័យសំខាន់ៗដទៃទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ បានគូសបញ្ជាក់ផងដែរថា «អ្វីដែលកម្ពុជា និងអាមេរិកបន្តធ្វើ គឺបន្តពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដោយសារកម្ពុជា និងសហរដ្ឋអាមេរិក មានការសហការគ្នាលើគ្រប់វិស័យ និងមានចំណុចដែលបានឯកភាពគ្នាជាច្រើន ហើយជារឿងធម្មតា ក្នុងទំនាក់ទំនងទ្វេភាគី តែមានចំណុចខ្លះដែលត្រូវការពេលវេលា ដើម្បីបន្តធ្វើការជាមួយគ្នា»។
លោក Patrick Murphy ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានថ្វាយសារតាំងជូនព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយជំនួបពិភាក្សាការងារថា ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរចំពោះលោក Patrick Murphy ដែលត្រូវបានរដ្ឋាភិបាលអាមេរិក តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់លោក Patrick Murphy ក្រោយពីថ្វាយសារតាំងជូនព្រះមហាក្សត្រ និងជួបជាមួយសម្តេចរួចហើយ គឺលោកឯកអគ្គរដ្ឋទូតអាចចាប់ផ្តើមជាមួយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក Patrick Murphy ក៏បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឲ្យលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅពេលនេះ ជាពិសេលលោកពិតជារីករាយផងដែរ ដែលថ្ងៃទី២៣ តុលានេះត្រូវបានទទួលស្គាល់ ជាថ្ងៃបុណ្យជាតិរបស់កម្ពុជា។
លោក Patrick Murphy បានជម្រាបជូនសម្តេចតេជោផងដែរថា មុននឹងមកដល់កម្ពុជា លោកបានជួបជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការពារជាតិអាមេរិកផងដែរ និងបានឃើញទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាព ដែលលោកឯកអគ្គរដ្ឋទូតបានចាប់ផ្តើម ក្នុងការធ្វើការទំនាក់ទំនងជាមួយ ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរបស់កម្ពុជាផងដែរ។
សម្តេចតេជោបានថ្លែងថា ទំនាក់ទំនងរបស់កម្ពុជា និងអាមេរិក មិនមែនជាទំនាក់ទំនងដែលចាប់ផ្តើមពីចំណុចសូន្យនោះទេ គឺជាទំនាក់ទំនងដែលបន្ត នូវអ្វីដែលធ្លាប់មានពីមុនៗមក ហើយទំនាក់ទំនងនេះមានភាពល្អប្រសើរ។
សូមបញ្ជាក់ថាកន្លងមកនេះ កម្ពុជានិងសហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងការស្វែងរកទាហានអាមេរិកបាត់ខ្លួន ក្នុងសម័យសង្គ្រាម ហើយនិងក្រុមអ្នកស្ម័គ្រចិត្ត ភីសខប (Peace Corp) របស់សហរដ្ឋអាមេរិក ហើយវិស័យផ្សេងៗទៀតទាំងវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។
កន្លងមកនេះ ក្រុមអ្នកស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជូនមកកម្ពុជា មានចំនួន៧០០នាក់ ដែលបានមកស្ម័គ្រចិត្ត ជួយបង្ហាត់បង្រៀន និងធ្វើការងារផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ដោយការងារនេះនឹងមានជាបន្តទៀត នៅពេលខាងមុខ។
នៅក្នុងជំនួបនេះដែរ ដោយសារឱកាសបុណ្យអុំទូកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយោបល់តាមរយៈឯកអគ្គរដ្ឋទូតថា ក្រុមអ្នកស្ម័គ្រចិត្តភីសខប ក៏អាចនឹងចូលរួមអុំទូកជាមិត្តភាព ក្នុងឱកាសព្រះវាជពិធីបុណ្យអុំទូកខាងមុខនេះ ដើម្បីបង្កើននូវការយល់ដឹងផ្នែកវប្បធម៌ ក៏ដូចជាពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជនផងដែរ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានសន្យាថា នឹងពាំនាំទៅដល់ក្រុមអ្នកស្ម័គ្រចិត្ត ភីសខប ដោយសង្ឈឹមថា អាចឆ្នាំនេះ ឬឆ្នាំក្រោយ អាចបានចូលរួមការអុំទូកនេះ។
ក្រៅពីការពង្រឹង និងពង្រីកកិច្ចសហការទ្វេភាគី ដែលមាននៅពេលបច្ចុប្បន្ននេះ សម្តេចនាយករដ្ឋមន្ត្រី និងលោកឯអគ្គរដ្ឋទូតអាមេរិក ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ ជាពិសេសកម្រិតអង្គការសហប្រជាជាតិផងដែរ។
នៅក្នុងក្របខណ្ឌមួយទៀត គឺក្របខណ្ឌអាស៊ាន និងសហរដ្ឋអាមេរិក ដោយសារកម្ពុជានឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ ដោយសារសហរដ្ឋអាមេរិក ឲ្យតម្លៃខ្ពស់លើអាស៊ាន អញ្ចឹងសហរដ្ឋអាមេរិក ចង់ឃើញកិច្ចសហប្រតិបត្តិការរវាង អាមេរិកនិងអាស៊ានរឹតបន្តឹងផងដែរ។
លោក កៅ គឹមហួន បានសង្កត់ធ្ងន់ពាក់ព័ន្ធជំនួបនេះថា «អ្វីដែលសំខាន់ គឺវាហាក់បីដូចជាការបើកទំព័រថ្មីមួយទៀត ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ»។
ជាមួយគ្នានេះ ដោយសារតែនៅឆ្នាំក្រោយ គឺខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ដូច្នេះលោកឯកអគ្គរដ្ឋទូត ក៏ដូចជាកម្ពុជា នឹងសហការធ្វើសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបនៃទំនាក់ទំនងនេះ៕