(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា រដ្ឋាភិបាលចិន បន្ដផ្ដល់ជំនួយឥតសំណង រហូតដល់ ៦០០លានយ័ន ស្មើនឹងប្រមាណ ៨៤លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា សម្រាប់ពង្រឹងវិស័យការពារជាតិ បន្ថែមពីលើអ្វីដែលធ្លាប់ចុះកិច្ចព្រមព្រៀងកន្លងមក។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ទំហំទឹកប្រាក់ដែលមហាមិត្តចិនបង្កើននេះ គឺជាការបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «ចិននឹងបង្កើននូវជំនួយឥតសំណងដល់កម្ពុជាខាងវិស័យយោធាទឹកប្រាក់ក្នុងទំហំ ៦០០លានយ័ន សម្រាប់យើងយកមកពិភាក្សា និងចាត់ចែងដើម្បីបង្កើននូវសមត្ថភាពវិស័យការពារជាតិរបស់យើង គឺខាងយោធាតែម្ដង ដែលនេះបន្ដពីកិច្ចសហប្រតិបត្តិការជាស្រេចរួចមកហើយ»។
ប្រមុខការពារជាតិរបស់កម្ពុជា បានគូសបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសចិនក្នុងឱកាសនេះ នឹងធ្វើឲ្យទំនាក់ទំនងដែលមានស្រាប់ កាន់តែរឹងមាំបន្ថែមទៀត លើអ្វីដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងកន្លងមក។
សូមរំលឹកថា បន្ទាប់ពីបានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុងអ៊ូហាន រួចមក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ បានចូលជួបសម្ដែងការគួសម នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រី្ហការពារជាតិចិន នៅទីក្រុងប៉េកាំងបន្តទៀត។
នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសម្ដែងការកោតសរសើរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានខិតខំជំរុញ ក្នុងការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងចិន។ រដ្ឋមន្ត្រី្ហការពារជាតិចិន បានបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តដែកថែប ហើយក្រោមការដឹកនាំរបស់ ប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ហើយបច្ចុប្បន្ននេះ ស្ថិតនៅក្នុងកម្រិតខ្ពស់ជាងគេក្នុងប្រវត្តិសាស្រ្ត។
ជាចុងក្រោយ រដ្ឋមន្ដ្រីការពារជាតិចិន បានបញ្ជាក់ថា ប្រទេសចិននៅតែបន្តផ្តល់ជំនួយ និងការគាំទ្រដល់ការកសាងកងទ័ព និងការអភិវឌ្ឍវិស័យការពារជាតិ របស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែង ផ្តល់ការជួយឧបត្ថម្ភ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពទាំងពីរកម្ពុជា ចិន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការបង្កើនកម្រិត នៃការធ្វើលំហាត់ហ្វឹកហ្វឺន បង្កើនប្រសិទ្ធភាព នៃការបណ្តុះបណ្តាល ធនធានមនុស្ស រួមទាំងកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ ដែលបានធ្វើឲ្យទំនាក់ទំនងកងទ័ពទាំងពីរកាន់តែរឹងមាំ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ដ្រីការពារជាតិចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីកិច្ចសហប្រតិបត្តិការវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងចិនផងដែរ៕