Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរចូលគាស់ទូរដែក ក្នុងរោងចក្រ «លានហ្វាហេងយូ ខេមបូឌៀ» ស្រុកបាកាន ខេត្តពោធិ៍សាត់ យកលុយអស់ជាង ១ម៉ឺនដុល្លារ និងសម្ភារមួយចំនួនទៀត

23-10-2019 16:47

(ពោធិ៍សាត់)៖ ចោរ២នាក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បានធ្វើសកម្មភាពគាស់ទ្វា និងគាស់ទូរដែករោងចក្រកាត់ដេរ ដែលមានឈ្មោះថា «លានហ្វាហេងយូ ខេមបូឌៀ» ស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយលួចលុយក្រុមហ៊ុនអស់ជាង ១ម៉ឺនដុល្លារ និងយកម៉ាស៊ីនស្តុកទិន្នន័យកាមេរ៉ាសុវត្ថិភាព (DVR) រួចគេចខ្លួនដោយសុវត្ថិភាព។

របាយការណ៍ដែលភ្នាក់ងារ Fresh News ទើបតែទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ ខណៈដែលកម្លាំងជំនាញចុះទៅពិនិត្យ បានឲ្យដឹងថា បើតាមការបំភ្លឺពីឈ្មោះ សឺ សូលី (ជនជាតិចិន) ប្រធានគណនេយ្យក្រុមហ៊ុន តាមរយៈអ្នកបកប្រែ នៅវេលាម៉ោង១៨ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មានជនសង្ស័យប្រហែល ២នាក់ មិនស្គាល់អត្ថសញ្ញាណ បានធ្វើសកម្មភាពប្រើឧបករណ៍រឹង គាស់ទ្វារោងចក្រ រួចហើយចូលទៅគាស់បន្ទប់គណនេយ្យ និងព្យាយាមគាស់ទូរដែករហូតបានសម្រេច។ ចំពោះសម្ភារដែលបាត់បង់រួមមាន៖ ប្រាក់ដុល្លារ ប្រហែលជាង ១ម៉ឺនដុល្លារ និងម៉ាស៊ីនស្តុកទិន្នន័យកាំមេរ៉ាសុវត្ថិភាព (DVR) មួយគ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព។

ជនរងគ្រោះដែលជាតំណាងរោងចក្រ ទទួលផ្នែកគណនេយ្យ បានទុកទូរដែកនៅក្នុងបន្ទប់ ហើយបានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅសម្រាកនៅខាងក្រោយអគាររោងចក្រ។ លុះដល់ព្រឹកឡើង ស្រាប់តែឃើញទូរដែក ដែលទុកនៅក្នុងបន្ទប់គណនេយ្យ ត្រូវបានជនសង្ស័យគាស់ ភ្លាមនោះបានរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យ តែដោយម៉ាស៊ីនស្តុកទិន្នន័យកាមេរ៉ាសុវត្ថិភាព ត្រូវបានក្រុមចោរលួចទៅជាមួយដែរ យើងក៏មិនបានដឹងពីភិនភាគរបស់ជនសង្ស័យនោះឡើយ។

ក្នុងករណីខាងលើ កម្លាំងជំនាញបច្ចេកទេសខេត្ត និងកម្លាំងជំនាញយុត្តិធម៌ស្រុកបាកាន កំពុងបន្តធ្វើការស៊ឺបអង្កេតស្រាវជ្រាវតាមនីតិវិធី៕