(វៀតណាម)៖ ខេត្តឌៀនបៀនហ្វូ អាចរាប់ចូលជាខេត្តមួយបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមធម្មយាត្រា ៥ ដែនដីលើកនេះ។ ជាក់ស្តែង ព្រះពុទ្ធសាសនា បានជ្រួតជ្រាបជាផ្លូវការសម្រាប់ខេត្តដែលពោរពេញដោយការតស៊ូរបស់ជនជាតិវៀតណាម ត្រឹមតែ៥ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

សាសនាព្រះពុទ្ធ នៅខេត្តនេះកើតចេញមកពីការកសាងវត្ត លិងក្វាង នេះតែម្តង ដែលអារាមនេះ កសាងឡើងដើម្បីជាការផ្តល់នូវទីតាំងឲ្យពលរដ្ឋគោរពបូជា ជាពិសេសក្រុមជនជាតិ ថៃដាំ ដែលអាស្រ័យនៅទីនេះ បានគោរពប្រតិបត្តិសាសនា។

វត្តលិង ក្វាង បានកសាងឡើងនៅក្នុងឆ្នាំ២០១៤ ហើយអារាមនេះជាទីតាំងសម្រាប់តែភិក្ខុសង្ឃ ព្រមទាំងជាកន្លែងតំកល់នូវព្រះបដិមាជាច្រើនអង្គ បូកផ្សំជាមួយនិងជំនឿសាសនារបស់ជនជាតិវៀតណាម។ ដូចជាលោកប្រធានហូ ឬ អ៊ុ ហូ ជាអ្នកតស៊ូនិងជាអ្នកការពារទឹកដីវៀតណាមយ៉ាងអង់អាចនោះ ក៏ត្រូវបានប្រជាជនកសាងនូវរូបសំណាកដើម្បីជាការគោរពផងដែរ ដោយក្នុងមូលហេតុថា បុព្វបុរសណាការពារទឹកដីបាន នោះនឹងត្រូវចាត់ទុកជាព្រះ។

ព្រះសង្ឃ តិត ប៉ិវ ចាំង ក្រមការពុទ្ធសាសនសមាគមន៍ ប្រទេសវៀតណាម និងជាអនុប្រធានផ្នែកការបរទេសរបស់ពុទ្ធសាសនសមាគមប្រទេសវៀតណាម មានថេរដីកាថា ដោយមូលហេតុសព្វថ្ងៃ ស្ថានភាពសង្គមរវាងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសរៀតណាម ឡាវ ស្ថិតក្នុងស្ថេរភាព ជាហេតុធ្វើឲ្យប្រទេសទាំង២ មានការចេញចូលទាក់ទងគ្នាខាងការទូតបានស្រួលជាមុន។ ក្រៅពីនេះទៀត ប្រទេសក្នុងតំបន់អាស៊ានមានការលើកលែងទិដ្ឋាការ ដែលបានធ្វើឲ្យគម្រោងធម្មយាត្រាបានមកដល់ទីនេះ។

នារសៀលថ្ងៃដដែល នៅមន្ទីរសុខាភិបាល ខេត្តឌៀនបៀនហ្វូ ប្រទេសវៀតណាម មានពិធីប្រគល់ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ ពីក្រុមហ៊ុនថៃណាក់ខន ផាត់ថាណា។ លោក សុផាក់ឆៃ វីរៈភូជង្គ ប្រធានក្រុមហ៊ុន ថៃណាក់ខន ផាត់ថៈណា បានថ្លៃងឲ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើបជាខ្លាំង សម្រាប់ការមកដល់ខេត្តនេះ លោកនៅចាំទីតាំងនេះ អគារនេះ បានយ៉ាងល្អ។

មកលើកនេះមិនមែនមកតែឯងទេ គឺមកជាមួយព្រះសង្ឃ ក្នុងគម្រោងធម្មយាត្រា ៥ដែនដី។ ក្រៅពីការធ្វើជំនួញនៅវៀតណាមជាង២០ឆ្នាំមកនេះ គឺចង់ឃើញពីសាមគ្គីភាពនេះ។

ខេត្តឌៀន បៀន ហ្វូ ជាខេត្តដែលមានប្រវត្តិសាស្ត្រគួរឲ្យចាប់អារម្មណ៍សម្រាប់ប្រទេសទាំងអស់ ក្រោយពីឈ្នះសង្គ្រាមនាឆ្នាំ ១៩៥៤មក។ ការមកលើកនេះ ជាការមកជួបគ្នាជាថ្មី ដែលពោរពេញដោយសាមគ្គីភាព។ ជាពិសេសជនជាតិថៃដាំនៅទីនេះ ដែលបានចូលរួមតស៊ូ សង្គ្រាមនៅទីនេះ ហើយក៏បាននាំមកនូវជនជាតិទាំង៥ មកដាក់កម្រងផ្កាជាការរំលឹកវិញ្ញាណខន្ធ។

លុះដល់ព្រឹកថ្ងៃទី២២ តុលា ២០១៩ ក្បួនធម្មយាត្រា៥ដែនដី តំបន់ទន្លេមេគង្គ បានចេញដំណើរពី ខេត្តឌៀន បៀនហ្វូ សាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្ពោះទៅកាន់ច្រកព្រំដែន ប៉ាងហុក ក្រុងម៉ៃ ខេត្តផុងសាលី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងបន្តដំណើរទៅកាន់ ក្រុងហ្លួងព្រះបាង។ ទិដ្ឋភាពនៃការឆ្លងកាន់ភូមិស្រុក អំឡុងពេលធ្វើដំណើរ ឃើញថាមានក្មេងៗសិស្សសាលាជាច្រើននាក់ ឈរកម្រង់ជួររង់ចាំស្វាគមន៍ក្បួនធម្មយាត្រា តួយ៉ាងដូចជានៅផ្សារប៉ាកណាមណយជាដើម។

នៅពេលរសៀល ក្បួនធម្មយាត្រាធ្វើដំណើរដល់ខេត្តឧត្តមសៃ នៅក្រុងមឿងម៉ៃ មានសិស្សសាលាបឋម សិក្សានិង មធ្យមសិក្សា ហួរណាមង៉ា ចេញមកទះដៃស្វាគមន៍ក្បួនធម្មយាត្រា ទន្ទឹមនិងក្បួនកំពុងឆ្ពោះទៅកាន់ខេត្តហ្លួង ព្រះបាង។ ក្រៅពីនេះ នៅពេលមកដល់ចំណុច ភូសាយ ឡុមម៉ាំង ដែលជាចំណុចនៃព្រំប្រទល់ខេត្ត ឧត្តមស័យ និងក្រុងហ្លួងព្រះបាង លោក អនតា រ៉ាន់ណាក់ចក្រ អនុប្រធានរណសិរ្សកសាងជាតិឡាវ នៃក្រុងហ្លួងព្រះបាង បានមកទទួលស្វាគមន៍អំឡុងពេលធ្វើដំណើរ របស់ក្រុមធម្មយាត្រា ៥ដែនដី។

ក្រោយមកទៀត ក្រុមធម្មយាត្រាក៏មកដល់ក្រុងហ្លួងព្រះបាង ហើយត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាបន្តទៀត ពីសំណាក់លោក សាក់មក កឹងសាក់ដា អនុប្រធានរណសិរ្ស កសាងជាតិឡាវ លោក ខាំឡា ថាក់ស៉ីណិផន ប្រធានរណសិរ្សកសាងជាតិឡាវ ក្រុងហ្លួងព្រះបាង បានរៀបចំការស្វាគមន៍នៃក្រុមធម្មយាត្រា ៥ដែនដីយ៉ាងកក់ក្តៅ ។

រយៈពេល១៣ ម៉ោងពីខេត្តឌៀនបៀនហ្វូ មកកាន់ទីក្រុងហ្លួងព្រះបាង ជារឿងរ៉ាវមួយដែលអាចនិយាយបានថា ក្បួនធម្មយាត្រាលើកទី២នេះ ត្រូវមានសទ្ធាជ្រះថ្លាណាស់ទើបអាចជន្នះឧបសគ្គបាន៕