(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖១១នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F7A) មួលហេតុដោយសារក្រុមហ៊ុន LNSK Construction Co.,Ltd ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
តំបន់ទាំងនោះ ស្ថិតនៅ ១៖ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់, ២៖ ផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក, ៣៖ ផ្លូវលេខ៤៥៦ សង្កាត់ទួលទំពូងទី១, ៤៖ ផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣, ៥៖ ផ្លូវលេខ១៧៣ សង្កាត់អូឡាំពិកទី២, ៦៖ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន, ៧៖ ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១៣៖៤៨នាទីរសៀល៕