(ភ្នំពេញ)៖ ឧបករណ៍ទាញថាមពលពន្លឺព្រះអាទិត្យ (Solar) ដែលមហាត្មៈគន្ធីផ្ដួចផ្ដើមបង្កើតឡើងដើម្បីឱ្យប្រជាជននៅឥណ្ឌាប្រើប្រាស់ តាំងពីលោកនៅមានជីវិតនោះ ធ្វើឱ្យសិស្សានុសិស្សកម្ពុជា ៥០០នាក់ ចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសិក្ខាសាលា «ថាមពលស្វរាជ្យ Energy Swaraj» ឬហៅថា «សិក្ខាសាលាឯកអគ្គរដ្ឋទូតថាមពលពន្លឺព្រះអាទិត្យសម្រាប់សិស្សានុសិស្ស»។
សិក្ខាសាលាថាមពលស្វរាជ្យនេះ គឺជាដំណើរផ្សព្វផ្សាយអំពីការប្រើប្រាស់ថាមសូឡារបស់លោក មហាត្មៈ គន្ធី ដែលធ្វើឡើងក្រោមការរៀបចំរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានេះដែរ ក៏ដើម្បីអបអរសាទរខួប ១៥០ឆ្នាំ នៃថ្ងៃកំណើតរបស់លោក មហាត្មៈ គន្ធី បិតាឯករាជ្យជាតិឥណ្ឌា។
លោកស្រីបានបន្ដថា សិក្ខាសាលានេះ គឺជាគម្រោងដ៏ធំមួយរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងគោលបំណងដើម្បីជំរុញឱ្យមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់និរន្តរភាពពិភពលោក។ រដ្ឋាភិបាលឥណ្ឌាបានកំពុងរៀបចំព្រឹត្តិការណ៍ ដំណើរផ្សព្វផ្សាយពីការប្រើប្រាស់ថាមពលព្រះអាទិត្យដោយមហាត្មៈគន្ធី (GGSY) នៅក្នុងប្រទេសជាច្រើនលើពិភពលោក។
លោកស្រីឯកអគ្គរដ្ឋទូតបន្ថែមទៀតថា សិស្សានុសិស្សប្រមាណជាង៤លាននាក់ទូទៅពិភពលោក បានចុះឈ្មោះដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ដើម្បីបង្កើនស្មារតីយល់ដឹង និងលើកកម្ពស់ក្នុងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។
លោក អ៉ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ បានគាំទ្រចំពោះដំណើរផ្សព្វផ្សាយពីការប្រើប្រាស់ថាមពលព្រះអាទិត្យដោយមហាត្មៈគន្ធីនេះ ពីព្រោះសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងបរិបទបម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថាមពល ភាពឯករាជ្យលើខ្លួនឯងក្នុងការប្រើប្រាស់ថាមពល។ នេះក៏នឹងជួយសម្រួលដល់មនុស្សជាច្រើន ដែលមិនមានថាមពលប្រើប្រាស់គ្រប់គ្រាន់សម្រាប់ហេតុផលផ្សេងៗ។
លោករដ្ឋលេខាធិការបានថ្លែងបន្តថា បច្ចុប្បន្ននៅប្រទេសកម្ពុជា សីតុណ្ហភាពជាមធ្យម ៣១អង្សាសេ ក្នុងនោះលោកក៏បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យឱ្យបានច្រើនឡើង ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស ធ្យូង ប្រេងឥន្ទនៈជាដើម ដែលនាំឱ្យផែនដីកាន់តែឡើងកម្ដៅខ្លាំងឡើងៗ។
សូមជម្រាបថា ក្នុងពេលរៀបបង្គុំឧបករណ៍សូឡានោះ គេសង្កេតឃើញថាសិស្សានុសិស្សកម្ពុជាយើង ពិតជាមានចំណាប់អារម្មណ៍ណាស់ចំពោះឧបករណ៍តូចមួយនេះ ដែលពួកគេម្នាក់ៗបានខិតខំត្រង់ត្រាប់ស្ដាប់ មើលពីរបៀបដំឡើង និងរៀបចំដំឡើងប្រកបដោយការផ្ចិតផ្ចង់។ ថ្វីដ្បិតវាតូច ប៉ុន្តែឧបករណ៍នេះមានលទ្ធភាពអាចបំភ្លឺបានក្នុងបន្ទប់ធំល្មម និងងាយស្រួលក្នុងការទាញថាមពលពីពន្លឺព្រះអាទិត្យ៕