(ភ្នំពេញ)៖ ក្រុមហ៊ុន Oxley Gem (Cambodia) Co.,LTtd ដែលជាអ្នកអភិវឌ្ឍន៍ នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចំរុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសជាផ្លូវការនូវក្រុមហ៊ុនអ្នកម៉ៅការថ្មីដ៏ធំមួយ ត្រូវបានតែងតាំងដើម្បីកាន់កាប់សំណង់ និងបន្តដំណើរការសាងសង់ សំណង់ដែលមានស្រាប់។
តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន បានឱ្យដឹងថា ដោយមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ និងជាវិនិយោគិននៃគម្រោងអភិវឌ្ឍន៍ The Peak នេះ ក្រុមហ៊ុន Oxley Gem បានចេញលិខិតបញ្ចប់កិច្ចសន្យាម៉ៅការសាងសង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រួចហើយ ក្នុងបំណងអនុញ្ញាតឱ្យអ្នកម៉ៅការដ៏សំខាន់ដែលមានសមត្ថភាព និងមានហិរញ្ញវត្ថុអាចបន្តការស្ថាបនាគម្រោងនេះដោយរលូន ដោយមិនមានការបញ្ឈប់ការងារសាងសង់នោះឡើយ។
នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន Oxley Gem ដែលបានសម្រេចអនុវត្ត បន្ទាប់ពីការខិតខំរួមគ្នាក្នុងការជួយក្រុមហ៊ុន SINO ប៉ុន្តែក្រុមហ៊ុន SINO មិនបានបង្ហាញលទ្ធផលប្រតិកម្មតបមកវិញគួរឱ្យកត់សម្គាល់ទេ។ ក្នុងករណីដែលក្រុមហ៊ុនសម្រេចធ្វើដូច្នេះ ក្រុមហ៊ុន Oxley Gem អាចធានាបានថា គ្មានការពន្យារពេលហួសហេតុពេកណាមួយ ត្រូវកើតឡើងខុសពីផែនការនៃការបញ្ចប់ការសាងសង់គម្រោងនេះ និងការប្រគល់ជូនដល់អតិថិជន ជូនដល់ដៃគូ និងវិនិយោគិនដែលមានកិត្យានុភាពរបស់ខ្លួន ផ្ទុយពីកាលបរិច្ឆេទដែលបានចុះក្នុងកិច្ចព្រមព្រៀងឡើយ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនស៊ីណូ ដើម្បីធានា ថាបុគ្គលិកនិងអ្នកម៉ៅការរងទាំងអស់ ទទួលបានប្រាក់ខែត្រឹមត្រូវសម្រាប់ការងារដែលបានធ្វើ។ ក្រុមហ៊ុន Oxley Gem នៅតែស្ថិតជាអាទិភាពខ្ពស់បំផុត ក្នុងការការពារផលប្រយោជន៍របស់ភាគីរងគ្រោះ ពីផលប៉ះពាល់នានាបើមានជាអាទិ៍។
ជាមួយគ្នានេះក្រុមហ៊ុន Oxley Gem ក៏បានទទួលការបញ្ជាក់ថា ពីអ្នកម៉ៅការសំខាន់ថ្មីរបស់ខ្លួនថា នឹងត្រូវមកជួបជាមួយភាគីរងគ្រោះទាំងអស់ ដើម្បីពិនិត្យមើលវិសាលភាពការងាររបស់ពួកគេ និងចរចាកិច្ចសន្យាការងារថ្មីជាមួយពួកគេក្នុងកម្រិតល្អបំផុត។
ក្នុងនាមក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ The Peak, ខាងក្រុមហ៊ុន បានបញ្ជាក់ថា គម្រោងនេះនឹងមិនឲ្យមានផលប៉ះពាល់ការងារ ដោយសារការបញ្ចប់ក្រុមហ៊ុន SINO និងការជំនួសដោយអ្នកម៉ៅការថ្មីឡើយ។ ហេតុការណ៍ទាំងអស់ វានៅតែជាបេសកកម្មដ៏ខ្ពស់បំផុតរបស់ក្រុមហ៊ុន ក្នុងការ ផ្តល់ជូនគម្រោងប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់បំផុត ក្នុងការរក្សា និងទទួលបានការពេញចិត្ត ដូចក្តីរំពឹងទុករបស់លោកអ្នកដដែល។
The Peak ជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣ នៅភ្នំពេញកម្ពស់៥៥ជាន់ ទល់មុខមាត់ទន្លេ នៅក្បែរស្ពាននាគកោះពេជ្រ ជាមួយនឹងទុនវិនិយោគ៥៨០លានដុលា្លរ ដែលគម្រោងនេះ មានចំណុះសរុបចំនួនប្រមាណ ១,០១៤ Unite៕