(កំពង់ស្ពឺ)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានបើកការពិនិត្យ ព្យាបាល និងវះកាត់ជងឺភ្នែក ដោយឥតគិត ក្រោមប្រធានបទ «ការធ្វើឲ្យភ្លឺឡើងវិញ» របស់ក្រុមគ្រូពេទ្យខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានថ្លែងអំណរគុណចំពោះគ្រូពេទ្យ នៃខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន, ស.ស.យ.ក, សមាជិក សមាជិកា និងគ្រូពេទ្យស្ម័គ្រចិត្តជំនាញរបស់ខ្លួន ដែលសម្របសម្រួល និងពិនិត្យ ព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាកាយវិការមនុស្សធម៌មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកលើកកំពស់សុខមាលភាពប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ បានខិតខំគ្រប់បែបយ៉ាង ក្នុងការស្វែងរកសុខសន្តិភាព និងការលើកកំពស់កំរិតជីវភាពប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន និងបងប្អូនកម្មករ-កម្មការនីផងដែរ ក្នុងនោះសុខមាលភាពរបស់ប្រជាជន ក៏ត្រូវបាន យកចិត្តទុកដាក់គ្រប់ផ្នែកដោយមិនរើអើងខាងនយោបាយឡើយ។

ជាក់ស្តែងនាថ្ងៃនេះ ក្រុមគ្រូពេទ្យខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចូលរួមធ្វើសកម្មភាព មនុស្សធម៌ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ រឺសាសនាអ្វីឡើយ ដើម្បីសុខភាពទូទៅ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់ខេត្ត ហៃណាន សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការក្នុងការសម្របសម្រួល បាននឹងកំពុងធ្វើការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕