(ភ្នំពេញ)៖ ដោយសារនាពេលដ៏ខ្លីខាងមុខនេះ រាជធានីភ្នំពេញ ត្រៀមខ្លួនធ្វើពិធីបុណ្យធំៗ ដូចជា បុណ្យឯករាជ្យជាតិ៩ វិច្ឆិកា, ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងខែវិច្ឆិកាខាងមុខនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើដល់មន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ត្រូវកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេស។
អ្វីដែលជាចំណុចសំខាន់មួយទៀតនោះ គឺរាជធានីភ្នំពេញ ក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ដែលនឹងមានបណ្តាទីក្រុង ជាសមាជិករបស់ AIMF ប្រមាណ៣០០ទីក្រុង មកពីគ្រប់ទ្វីបមកចូលរួមដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
ការស្នើដល់មន្ត្រីក្រោមឱវាទបែបនេះ របស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាព របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំមហាសន្និបាត នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា មហាសន្និបាតរបស់ AIMF ប្រព្រឹត្តទៅត្រូវនឹងខួបកំណើតលើកទី៤០ថ្ងៃ បង្កើតសមាគមAIMF និងខួប៤០ឆ្នាំរបស់កម្ពុជា ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ក្រោមប្រធានបទ ទីក្រុងដែលមានភាពធន់ ការគិតគូពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ។
លោកបានបន្តថា នេះជាកិត្តិយសធំធេងណាស់ សំរាប់រាជធានីភ្នំពេញ ក៏ដូចកិត្តិយសជាតិទាំងមូល ដែលទទួលបានប្រតិភូជាង៣០០ទីក្រុង ក្នុងពិភពលោកដែលធ្វើឲ្យកម្ពុជា ពិសេសរាជធានីភ្នំពេញ ល្បីរន្ទឺលើឆាកអន្តរជាតិ។
លោកអភិបាលបន្តទៀតថា ការងារទាំងអស់យើង គិតគូរៀបចំយ៉ាងម៉ត់ចត់ ទាំងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវ, ការស្នាក់នៅរបស់ប្រតិភូ, ការរៀបចំតាំងពិព័ណ៌បង្ហាញ ពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ, ការរៀបចំកែលំអរសួនច្បារ ការតុបតែងលំអរតាមទីសាធារណៈជាដើម។
លោកបានគូសបញ្ជាក់ថា ចំណុចសំខាន់បំផុតនោះ គឺការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈត្រូវតែឲ្យបានល្អប្រសើរ។ ដូច្នេះហើយទើបការធ្វើដំណើរ ទៅក្រៅប្រទេសរបស់មន្ត្រី ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ក្នុងដំណាក់កាលនេះ ត្រូវបានកំហិតជាចាំបាច់៕