(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដែលបានរៀបចំធ្វើនៅក្នុងបរិវេណវត្តពោធិរតនារាម (ស្អាង) ក្នុងភូមិស្អាង។ ឃុំត្រពាំងគងនេះ គឺជាឃុំទី៧ ក្នុងចំណោម១០ឃុំ ក្នុងស្រុកជើងព្រៃ ដែលបានរៀបចំវេទិកានេះ។
ពិធីនេះមានគោលបំណង ធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងជាពិសេស ដើម្បីផ្សាភ្ជាប់ រវាងថ្នាក់ដឹកនាំ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ ដែលជាឱកាសល្អ ដើម្បីតាមដានអំពីសេចក្តីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ និងដោះស្រាយសេចក្តីត្រូវការចាំបាច់ជូនពលរដ្ឋ។
វេទិកានេះ មានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធានក្រុមការងារ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤០០នាក់។
លោក វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ចុះមូលដ្ឋានស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា។
លោកបន្តថា បើទោះបីសម្តេចមិន បានអញ្ជើញមកជួបសំណេះសំណាល ជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេច គឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា ហើយសម្តេចទាំង៤ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋយើង ចូលរួមពិធីអកអំបុកនៅថ្ងៃទី៩ វិច្ឆិកាខាងមុខបានគ្រប់ៗគ្នា និងបានជូនពរឲ្យជួបតែពុទ្ធពរទាំង៤ កុំបីឃ្លៀងឃ្លាតឡើយ។
លោកបានជម្រាបជូនបងប្អូន អំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជាបន្តបន្ទាប់ពីដំណាក់កាលមួយ មកដំណាក់កាលមួយ ហើយជាជំហានៗ ក្រោមការដឹកនាំប្រកបដ៏ភាពឈ្លាសវៃ របស់រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងឈានទៅធ្វើការអភិវឌ្ឍជាបណ្តើរៗ និងទទួលបានកំណើន សេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រួមជាមួយនិងការដាក់ចេញនយោបាយ ធ្វើកំណែទម្រង់គ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យ នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។
លោក វេង សាខុន បានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មេត្តាបន្តរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋានឲ្យបានល្អកុំជឿតាមពាក្យមួលបង្កាច់ បំភ្លៃការពិត លាបពណ៌ ឈានទៅបង្កអស្ថិរភាព បះបោរ និងហិង្សាក្នុងសង្គម។
លោកបានបញ្ជាក់ ជូនពលរដ្ឋថា ប្រទេសយើងមានច្បាប់ ហើយច្បាប់បានដាក់ទោសទណ្ឌ ដល់ជនណាដែលមិនគោរព ឬមិនអនុវត្តតាម មិនចំពោះតែគណបក្ស ឬបុគ្គលណាម្នាក់ឡើយ ត្រូវតែប្រឈមនឹងការផ្តន្ទាទោស តាមច្បាប់កំណត់។ ដូច្នេះក្នុងនាមពលរដ្ឋម្នាក់ត្រូវតែគោរព ច្បាប់ដែលមានជាធរមាន និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយ លូទឹក ដី និងគ្រួសក្រហមសម្រាប់ជួសជុលកែលម្អផ្លូវលំ និងសំលៀកបំពាក់ប្រជាការពារ ហើយនិងសហគមន៍ កសិកម្មអភិវឌ្ឍកសិករ ស្នើសុំឃ្លាំងស្តុកស្រូវពូជ ហើយនឹងម៉ាស៊ីនព្រោះស្រូវ។ ដើម្បីជួយចែករំលែក និងដោះស្រាយសំណើ លោកប្រធាន និងសហការី បានជួយឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ ដោយឡែក អ្នកដែលអញ្ជើញមកចូលរួម ម្នាក់ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕