(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសលុបបំបាត់ពាក្យរិះគន់ថា «ចប់ជួបចៅសង្កាត់ ដើម្បីឲ្យផ្ដល់សេវាពិបាកជាងចង់ជួបរដ្ឋមន្ដ្រី» ព្រោះថា ឥលូវនៅតាមសាលាសង្កាត់ទូទាំងរាជធានីភ្នំពេញ បានបង្កើតក្រុមការងារមួយ ដើម្បីចាំផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ច ក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ តាមសង្កាត់ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
លោក ឃួង ស្រេង បានបន្តទៀតថា ក្នុងកំណែទម្រង់ចតុកោណតំណាក់កាលពី៤ របស់រាជរដ្ឋាភិបាល គឺការបង្ខិចសេវាឲ្យនៅកៀកកិតជាមួយប្រជាពលរដ្ឋ។ នៅថ្នាក់សង្កាត់ បានបង្កើតឲ្យមានក្រុមការងារមួយ ដែលមានចៅរងទី១ ចៅរងទី២ ក៏ដូចជាស្មៀនជាដើម នៅចាំទទួលសេវាកម្មផ្សេងៗ ពីប្រជាពលរដ្ឋ បើសិនជាលោកចៅសង្កាត់មិននៅ ហើយការបង្កើតឲ្យមានក្រុមការងារនេះ ធ្វើឲ្យពាក្យថា «ចង់ជួបចៅសង្កាត់ ដើម្បីឲ្យផ្ដល់សេវាផ្សេងៗ ពិបាកជាងចង់ជួបរដ្ឋមន្ត្រី» នោះត្រូវបានសាបរលាប។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ការបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ច ក្នុងការផ្ដល់សេវារដ្ឋបាល សាធារណៈជូនប្រជាពលរដ្ឋ តាមសង្កាត់ក្នុងរាជធានីភ្នំពេញនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យការផ្ដល់សេវាជូន នៅកៀកកិតជាមួយប្រជាពលរដ្ឋ ហើយអ្នកផ្តល់សេវាមានស្នាមញញឹម ការផ្តល់សេវាមានតម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាទៅតាមតម្រូវការប្រើប្រាស់ ចាំបាច់របស់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានបន្ដថា កន្លងមកនេះការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋឃើញថា មន្ត្រីរបស់យើងអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែខិតខំបន្ថែមទៀតដើម្បីឲ្យការផ្ដល់សេវានេះកាន់តែល្អប្រសើរ។ ជាងនេះទៅទៀតអ្វីដែលសំខាន់ មិនអាចខ្វះបានមួយទៀតនោះ គឺសាមគ្គីភាពផ្ទៃក្នុងដែលមន្ត្រីទាំងអស់ ត្រូវតែមានសាមគ្គីភាពផ្ទៃ ក្នុងទើបការអនុវត្តការងារនៅក្នុងអង្គភាពរបស់ខ្លួន ទទួលបានភាពជោគជ័យ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលការប្រាស្រ័យទាក់ទង និងបដិសណ្ឋារកិច្ច ក្នុងការផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ តាមសង្កាត់ក្នុងរាជធានីភ្នំពេញ គឺមានការចូលរួមពីអស់លោកជា ចៅសង្កាត់ ស្មៀន ទាំង១០៥ នៅក្នុងរាជធានីភ្នំពេញតែម្តង ហើយនេះក៏ជាវគ្គបណ្តុះបណ្តាលដំបូងផងដែរ៕