(កណ្តាល)៖ លោក កៅ ថាច ប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីសភាពការនយោបាយថ្មីៗ ជូនដល់សមាជិកជាយុវជនសរុបចំនួន២៩០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក កៅ ថាច បានបញ្ជាក់ក្នុងកិច្ចប្រជុំថា ថ្មីនេះៗ មានការអំពាវនាវពីសំណាក់ទណ្ឌិត សម រង្ស៊ី ដែលនៅតែចិញ្ចឹមមហិច្ឆតារកគ្រប់វិធី និងឧបាយកលដើម្បីបំផ្លាញ សុខសន្តិភាព ស្ថិរភាពជាតិ និងព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនេះមេដឹកនាំក្រុមប្រឆាំងខុសច្បាប់រូបនេះ និងបក្សពួក បានប្រកាស់អំពីផែនការវិលត្រលប់ ចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ក្នុងគោលបំណង ដើម្បីធ្វើរដ្ឋប្រហារផ្តួលរលំរាជរដ្ឋាភិបាល និងរំលាយរបបរាជានិយមផងដែរ។
លោក កៅ ថាច បន្តថា ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី បានធ្វើសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ថា៖
១៖ អំពាវនាវជាចំហរ ឲ្យកងកម្លាំងប្រដាប់អាវុធ របស់ជាតិផ្តាច់ខ្លួនពីរដ្ឋាភិបាល ដោយប្រើប្រាស់វិធីទិញទឹកចិត្ត តាមរយៈការផ្តល់លុយជាថ្នូរនឹងការផ្តាច់ខ្លួន ដែលនេះត្រូវបានចាត់ទុកថា ជាការចាប់ផ្តើមប៉ុនប៉ងរៀបចំ កងកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ។
២៖ បានប្រកាសចេញយន្តការ ដើម្បីអនុវត្តផែនការ ដោយប្រើប្រាស់រចនាសម្ព័ន នៃអតីតគណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេស ដែលជាអង្គការនយោបាយខុសច្បាប់ និងជាមុខសញ្ញាខ្សែរយៈនៃអង្គការចាត់តាំង អនុវត្តផែនការធ្វើរដ្ឋប្រហារ ។
លោក កៅ ថាច បន្ថែមថា លើសពីនេះ ទណ្ឌិត សម រង្ស៊ី បានបើកយុទ្ធនាការវាយប្រហារដោយចំហរ និងជាសាធារណៈ លើអង្គព្រះមហាក្សត្រជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ជាតិខ្មែរ និងជាទីគោរពស្រលាញ់បំផុត នៃប្រជាជនកម្ពុជាតាមរយៈ ១៖ សំដីប្រមាថកាតទានដ៏ធ្ងន់ធ្ងរ និងដោយឥតញញើតលើអង្គព្រះមហាក្សត្រ ដែលទ្រង់គង់ជា «និមិត្តរូបរបស់ជាតិ» ដូចជាការហៅអង្គព្រះមហាក្សត្រថាជា «អាយ៉ង» ជាដើម, ២៖ ការប្រកាសលែង «គោរពអង្គព្រះមហាក្សត្រ» តទៅទៀត និង ៣៖ ការបង្ខំឲ្យ «អង្គព្រះមហាក្សត្រដាក់រាជ្យ» ។
វាយបកតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី លោក កៅ ថាច បានជម្រាបជូនសមាជិកអង្គប្រជុំថា ការប្រកាសប្រមូលបងប្អូនប្រជាពលរដ្ឋទៅទទួលទណ្ឌិត សម រង្ស៊ី និងបក្សពួក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ គឺជាឧបាយកលទុច្ចរឹត បោកបញ្ឆោតបងប្អូនឲ្យទៅចូលរួមដោយមិនដឹងខ្លួន ក្នុងការអនុវត្តផែនការធ្វើរដ្ឋប្រហារទំលាក់ រាជរដ្ឋាភិបាលស្របច្បាប់ រំលាយរបបរាជានិយម ដែលការណ៍នេះ នឹងនាំបងប្អូនប្រជាពលរដ្ឋ ដែលទៅចូលរួមជាមួយក្រុមឧទ្ទាមទាំងនេះ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូមបងប្អូនកុំចាញ់ បោកការឃោសនាប្រកបដោយល្បិចកលដ៏ពិសពុលរបស់ក្រុមទណ្ឌិត សម រង្ស៊ី ។
លោក កៅ ថាច បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ៖
* ចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
* ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា និងចូលរួមផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារបងប្អូន ញាតិមិត្តឱ្យបានយល់ច្បាស់អំពីសកម្មភាព និងឧបាយកលដ៍ពិសពុល និងគ្រោះថ្នាក់របស់ក្រុមទណ្ឌិត សម រង្ស៊ី និងត្រូវចៀសវាងឱ្យបានដាច់ខាត ក្នុងការចូលរួមក្នុងសកម្មភាពនានាពាក់ព័ន្ធ ផែនការវិលត្រលប់របស់ក្រុមទណ្ឌិត សម រង្ស៊ី ដែលបានបង្កប់នូវសាធាតុពិលពុល និងចេតនាធ្វើរដ្ឋប្រហារផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ រំលាយរបបរាជានិយម និងការផ្លាស់ប្តូររបបនយោបាយរបស់ប្រទេសជាតិ។
* ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងផែនការ និងឧបាយកលប្រកបដោយគ្រោះថ្នាក់របស់ ក្រុមទណ្ឌិត សម រង្ស៊ី និងចូលរួមការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម សំដៅបង្កបរិយាកាសដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនីយកម្ម។
* បន្តពង្រឹងសាមគ្គីភាព បន្តជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក រវាងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយ ។
បន្ថែមលើនេះ លោក កៅ ថាច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមពិធីអកអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ នេះនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្តទូទាំងប្រទេស ដើម្បីបង្ហាញកម្លាំងសាមគ្គីភាពនៃប្រជាជាតិខ្មែរ និងដើម្បីរួមគ្នាថែរក្សាការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូរ ក៏ដូចជាដើម្បីអបអរថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទរបស់យើងផងដែរ៕