(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០កម្ពុជា-ចិន បានអនុញ្ញាតឱ្យប្រតិភូក្រុមការងាររៀបចំ សមយុទ្ធនាគមាស ឆ្នាំ២០២០ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ប្រចាំភាគខាងត្បូង ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ចាង យ័ន សុង (Zhang Yuang Song) នាយសេនាធិការសម្ព័ន្ធអង្គរទ័ពលេខ៧៥ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម និងភាក្សាការងារអំពីរបៀបរៀបចំនៃសមយុទ្ធនាគមាសសម្រាប់ ឆ្នាំ២០២០ ខាងមុខនេះ។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជម្រាបជូនភាគីក្រុមការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ របស់ភាគីកងទ័ពរំដោះប្រជាជនចិនដែរថា ជាការល្អគួរជ្រើសរើសយកទីលានបាញ់គ្រាប់ពិតតេជោសែន ក្នុងស្រុកជុំគីរី ខេត្តកំពត របស់កងពលតូចលេខ៧០ ដូចដែលយើងបានរួមគ្នាធ្វើពីរឆ្នាំមុនៗ ព្រោះទីតាំងនោះមានទីលានស្រាប់ និងកន្លែងស្នាក់នៅស្រាប់។
នាយឧត្តមសេនីយ៍ បានបន្តថា ដោយឡែក ទីលានថ្មីរបស់កងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ ដែលក្រុមការងារជំនាញទាំងពីរ បានចុះទៅពិនិត្យមើលនោះ យើងនឹងរួមគ្នាបន្តសិក្សាស្រាវជ្រាវ និងកសាងទីតាំងថ្មីនោះ សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខទៀត ព្រោះទីតាំងថ្មីនេះ ក៏ពុំទាន់បានកសាងនូវអ្វីនៅឡើយទេ។
ក្នុងជំនួបនាឱកាសនោះ លោកវរសេនីយ៍ឯកពិសេស ចាង យ័នសុង ជំនួសមុខឱ្យប្រតិភូក្រុមការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ កងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន លោកបានសម្ដែងនៅការអរគុណ ចំពោះនាយឧត្តមសេនីយ៍ ដែលជាប្រធានគណៈកម្មាធិការរៀបចំ សមយុទ្ធនាគមាស ឆ្នាំ២០២០ របស់ភាគីកងទ័ពកម្ពុជា បានផ្ដល់ពេលវេលាដ៏សមគួរមួយ អនុញ្ញាតឱ្យក្រុមការងាររបស់លោក បានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ អំពីរបៀបរៀបចំនៃសមយុទ្ធនាគមាសសម្រាប់ ឆ្នាំ២០២០ ខាងមុខនេះ ឱ្យមានភាពរលូន នឹងទទួលបានជោគជ័យដូចបណ្ដាឆ្នាំកន្លងមក។
លោក ចាង ក៏បានជម្រាបជូននាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការរៀបចំសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២០ ដែរថា ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើទស្សនកិច្ចសិក្សា ដើម្បីរៀបចំសមយុទ្ធលើកនេះ ក្រុមការងាររបស់បស់ភាគីកងទ័ពរំដោះប្រជាជនចិន ដោយមានកិច្ចសហប្រតិបត្តិការដ៏ល្អ ពីក្រុមការងាររៀបចំសមយុទ្ធរបស់ភាគីកម្ពុជា យើងបានចុះទៅសិក្សាឱ្យកាន់តែច្បាស់លាស់ នៅទីលានបាញ់គ្រាប់ពិតរបស់កងពលតូចលេខ៧០ នៅឯស្រុកជុំគីរី ខេត្តកំពត ដែលជាទីលានសមយុទ្ធនាគមាស កាលពីឆ្នាំ២០១៩ ដែលភាគីកងទ័ពប្រទេសយើងទាំងពីរ បានធ្វើម្ដងរួចមកហើយ ព្រមទាំងចុះពិនិត្យមើលទីតាំងនិងសិក្សាដោយផ្ទាល់ នៅទីតាំងហ្វឹកហ្វឺនថ្មី របស់កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ នាស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ហើយយើងនឹងបន្តប្រជុំរួមពិភាក្សាគ្នានាថ្ងៃនេះបន្ថែមទៀត រវាងក្រុមការងារទាំងពីរភាគី ដើម្បីកំណត់ទីតាំងច្បាស់លាស់ នឹងជាក់លាក់ ដែលត្រូវធ្វើសមយុទ្ធរួមគ្នា រវាងកងទ័ពចិន ជាមួយនឹងកម្ពុជា សម្រាប់ឆ្នាំ ២០២០ ខាងមុខនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្វាគមន៍ និងអបអរសាទរ ចំពោះវត្តមានរបស់ក្រុមការងារសិក្សារៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ របស់ភាគីកងទ័ពរំដោះប្រជាជនចិន នៅកម្ពុជាលើកនេះ។ ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ក៏បានថ្លែងថា កម្ពុជាមានសន្តិភាព មានការអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទ ក៏មានការរីកចម្រើនផងដែរ។
នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានបន្តលើកឡើងថា កន្លងមកកងទ័ពកម្ពុជា និងចិនបានហ្វឹកហ្វឺនរួមជាមួយគ្នា រហូតឈានដល់ការធ្វើសមយុទ្ធរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាញជំនាញប្រយុទ្ធ បម្រើឱ្យកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងមនុស្សធម៌ ដែលគិតមកទល់ ឆ្នាំ២០២០ខាងមុខនេះ មានចំនួន ៤លើកហើយ ដែលទទួលបានភាពជោគជ័យ និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់ភាគីមិត្តចិន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទ ជាច្រើនផងដែរ។
នាយឧត្ដមសេនីយ៍ ក៏បានសំណូមពរដល់ភាគីមិត្តចិន ឱ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទបន្ថែមទៀត និងបានជូនពរដល់ដំណើរទស្សនកិច្ចការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ របស់ប្រតិភូកងទ័ពរំដោះប្រជាជនចិន ក្នុងការសិក្សាស្រាវជ្រាវរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០លើកនេះ បានប្រកបដោយជោគជ័យ៕