(កណ្តាល)៖ ជនសង្ស័យ២នាក់ បានលួចម៉ូតូរបស់ប្រជាពលរដ្ឋ ២គ្រឿងកាល១សប្តាហ៍មុន ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកអង្គស្នួល ខេត្តកណ្ដាល តាមក្របួចជាប់។
លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការស្រុកអង្គស្នួល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងកាលពីម្សិលមិញនេះ នៅមុខឃ្លាំង ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ថាច់ សុវណ្ណា បានឲ្យដឹងទៀតថា ជនសង្ស័យទី១៖ ឈ្មោះ មឿន វណ្ណាឡាវ ភេទប្រុស អាយុ១៧ឆ្នាំ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត នៅភូមិទួលព្រេច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២៖ ឈ្មោះ ជៀវ កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិទន្លាបខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងធ្វើការដកហូតវត្ថុតាងម៉ូតូម៉ាកសង់ឌ្រីមសេរី២០១៨ពណ៌ខ្មៅ ពាក់ផ្លាកលេខ (ភ្នំពេញGS-7191) លេខតួនិងលេខម៉ាស៊ីន 5130229 (ម៉ាស៊ីនត្រូវបានជនសង្ស័យកែឆ្នៃប្តូររួចហើយ។
លោកបន្ដថា ចំណែកឯជនរងគ្រោះ២នាក់ ទី១៖ ឈ្មោះ ឈៀង រីករាយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់ នៅសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ ឆែម សុភ័ក្រ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករនៅភូមិក្តាន់រយឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាម្ចាស់ម៉ូតូស្កុបពី បាត់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២៖៥នាទី។ សម្ភារបាត់បង់ ម៉ូតូម៉ាកសង់០១៨ ១គ្រឿង យកបានមកវិញ និងម៉ូតូម៉ាកស្តុបពីពណ៌ក្រហមសេរី២០១១ ជនរងគ្រោះមិនចាំផ្លាកលេខ និងលេខតួលេខ។
លោក ថាច់ សុវណ្ណា បានឲ្យដឹងទៀតថា ដំណើររឿងហេតុ នៅមុនពេលកើតហេតុជនរងគ្រោះទី១ កំពុងចាក់បេតុងដោយទុកសោរ នៅលើម៉ូតូទើបជនសង្ស័យចូលទៅលួច។ ឯជនរងគ្រោះទី២ ចូលមណ្ឌលសុខភាពពិនិត្យផ្ទៃពោះ មិនបានដកសោរ ទុកជនសង្ស័យចូលទៅលួចជិះចេញ ទៅតែម្តង។
តាមចម្លើយសារភាពរបស់ឈ្មោះ មឿន វណ្ណាឡាវ បានសារភាពថា ឈ្មោះ ជៀវ កុម្ភះ ជាអ្នកទៅមើលផ្លូវហើយ ខ្លួនជាអ្នកចូលបានជិះទៅភ្នំពេញ នៅឃ្លាំងរំសេវ ស៊ីគ្រឿងនិងប្តូរគ្រឿង ម៉ាស៊ីន បានលុយ១២០ដុល្លារ យកមកទិញថ្នាំញៀនប្រើប្រាស់ទាំង២នាក់។ ហើយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ខ្លួន ចូលលួចបានម៉ូតូម៉ាកស្កុបពី យកទៅបញ្ចាំនៅឃ្លាំងរំសេវ បានលុយ១៥០ដុល្លារ យកមកចាយទាំង២នាក់។
តាមចម្លើយសារភាព របស់ឈ្មោះ ជៀវ កុម្ភៈ បានសារភាពថា ពួកខ្លួនធ្លាប់ឆក់ទូរស័ព្ទដៃ តាមផ្លូវជាតិលេខ៤ បានចំនួន៣លើក ហើយខ្លួនធ្លាប់លួចម៉ូតូចំនួន៤លើក។ ឃាត់ខ្លួនបានថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ ជនសង្ស័យធ្លាប់ប្រើប្រាស់ សារធាតុញៀនរយៈពេល២ឆ្នាំកន្លងមកហើយ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងសួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕