(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបានលុង ខេត្តរតនគិរី ដោយមានដោយមានការអញ្ជើញពីសំណាក់ លោក លោកស្រី សមាជិកសមាជិកាគណៈកម្មាធិការសាខា លោកនាយកសាខា អនុសាខាក្រុមកាកបាទក្រហមសង្កាត់ និងស្ថាប័នពាក់ព័ន្ធជុំវិញក្រុងបានលុង ជាច្រើនរូបទៀតផងដែរ។
លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអានសេចក្តីប្រកាសទទួលស្គាល់សមាសភាពអនុសាខាក្រុងបានលុង។ លោក ងិន ណែល ប្រធានគណៈកម្មាធិការអនុសាខា តំណាងឱ្យគណៈកិត្តិយស និងគណៈកម្មាធិការ អនុសាខាក្រុងបានលុង ដែលទើបទទួលបានការតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញការងារមនុស្សធម៌ ជួយជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសបន្តគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅអាណត្តិក្រោយៗទៀត ដើម្បីបានបន្តដឹកនាំ បេសកកម្មមនុស្សធម៌ ឱ្យកាន់តែរីកចម្រើនថែមទៀត និងប្តេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម។
លើកឡើងក្នុងឱកាសនោះ លោក ថង សាវុន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកសមាជិកាសាខា អនុសាខាអង្គភាពនានា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលតែងតែផ្តល់នូវការយកចិត្តទុកដាក់ និងផ្តល់កិច្ចសហប្រតិបត្តិការជួយសម្រួលគ្រប់បែបយ៉ាង ដល់សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា។
លោក ថង សាវុន បានផ្តាំផ្ញើដល់គណៈកិត្តិយសគណៈកម្មាធិការអនុសាខាគ្រប់ជាន់ថ្នាក់ សូមមេត្តាបន្តរក្សាពង្រឹងសាមគ្គីភាពឱ្យបានជិតស្និទ្ធ និងសុខដុមនីយកម្មរវាងសាខា អនុសាខាជាមួយអង្គភាពពាក់ព័ន្ធនានា ជាពិសេសបន្តពង្រឹង និងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម តាមសហគមន៍ និងគ្រឹះស្ថានសិក្សា ដើម្បីរក្សាបាននូវកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីជួយសម្រាលរាល់ទុក្ខលំបាក របស់ជនរងគ្រោះ និងងាយរងគ្រោះតាមវិស័យការងារមនុស្សធម៌ ឱ្យទទួលបានជោគជ័យពោល គឺផ្តល់នូវភាពកក់ក្តៅដល់ជនរងគ្រោះ និងងាយរងគ្រោះស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»៕