(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្តិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញជាអធិបតីកិត្តិយស ក្នុងពិធីអបអរសាទរ និងការទទួលទានអាហារ ជាមួយការមកដល់ របស់ក្រុមកីឡាករប្រណាំងកង់ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេង ប្រជាជនទីក្រុងហូជីមិញ (VOH) លើកទី២២ ដែលបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នារាត្រីថ្ងៃ២២ ខែតុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានសូរិយា។
ក្នុងពិធីអបអរសាទរ និងការទទួលទានអាហារ ជាមួយក្រុមកីឡាករនេះ ក៏មានការចូលរួមអមជាកិត្តិយសពីលោក វូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំកម្ពុជា, លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក ឡេ កុងដុង នាយកស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ និងសហការី ព្រមទាំងលោកឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុនយីតាក់ហ្គ្រុប និងលោកស្រី, លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ និងកីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និងក្រុមការងារបច្ចេកទេស សរុបចំនួនជាង២០០នាក់ ។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា សុខ ឆេង បានថ្លែងថា ការប្រណាំងនេះ គឺជាការប្រណាំងជំនាញ ដែលមានរយៈចំងាយឆ្ងាយ គឺឆ្លងកាត់បីប្រទេស ដោយចាប់ផ្តើមចេញដំណើរពីប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា និងឆ្ពោះទៅបញ្ចប់នៅប្រទេសឡាវ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងន័យ៖
* ទី១៖ ឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន ជាពិសេសរវាងកម្ពុជា វៀតណាម ឡាវ និងថៃ។
* ទី២៖ ការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន និងបន្តថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ
* ទី៣៖ លើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ស្របតាមពាក្យស្លោក «កីឡានាំមកនូវ សុខភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយប្រតិភូអមជាកិត្តិយស ក៏បានចុះហត្ថលេខា ជានិមិត្តរូបលើអាវកីឡាករ ដើម្បីជាសក្ខីភាពបញ្ជាក់ថា ក្រុមកីឡាករបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ និងបានទទួលទៀនអាហារសាមគ្គីរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន យីតាក់ហ្គ្រុប ប្រចាំនៅកម្ពុជាផងដែរ៕