Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចោរកាត់ចម្រឹងបង្អួចអគាររោងចក្រ «ហ្រ្គីន ហ្វៀល» គាស់ទូដែកយកលុយជិត ៥ម៉ឺនដុល្លារ នៅខណ្ឌកំបូល

23-10-2019 10:52

(ភ្នំពេញ)៖ លុយចំនួន ៤៩,០០០ដុល្លារ ត្រូវបានចោរ១ក្រុម គាស់យកចេញពីទូដែកដែលទុកនៅក្នុងបន្ទប់ធ្វើការ របស់បុរសជនជាតិចិន ក្នុងអគាររោងចក្រកាត់ដេរយីហោ «ហ្រ្គីន ហ្វៀល ខេមបូឌា អ៊ិនដាស់ស្ទ្រីល ឯ. ក» បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់លុយជាជនជាតិចិនឈ្មោះ LI QIANG អាយុ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងអគាររោងចក្រ។

មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ថា កាលពីថ្ងៃទី១០ ខែតុលា ជនរងគ្រោះបានយកលុយចំនួន ៨ម៉ឺនដុល្លារទៅទុក នៅក្នុងទូដែក ស្ថិតនៅក្នុងបន្ទប់ធ្វើការរបស់គាត់។ លុះដល់ថ្ងៃទី២១ ខែតុលា មុនពេលកើតហេតុ១ថ្ងៃ គាត់ទៅបានដកយកលុយនោះមកវិញចំនួន ៣១,០០០ដុល្លារ យកទៅចំណាយលើការងារផ្សេងៗ ក្នុងរោងចក្រ ចំណែកលុយដែលនៅសល់ពីការដកចេញខ្លះនោះចំនួន ៤៩,០០០ដុល្លារ។

បន្ទាប់មកកាលពីព្រឹកម្សិលមិញ ពេលដែលគាត់ចូលទៅដល់ក្នុងបន្ទប់ធ្វើការ ស្រាប់តែឃើញឥវាន់រប៉ាត់រប៉ាយ ហើយទូដែកមានស្នាមគាស់ និងបាត់លុយអស់រលីងបាត់ទៅហើយ។ ខណៈនោះគាត់បានហៅប្រធានរដ្ឋបាលរោងចក្រ ឲ្យទៅជួយមើលជាក់ស្ដែង រួចដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលកន្ទោក ដើម្បីជួយស្រាវជ្រាវបន្ទាន់ភ្លាមៗដែរ៕