(សៀមរាប)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋាន អន្តជាតិសៀមរាប បានដឹកនាំមន្រ្តី សហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្ត បានធ្វើការចុះត្រួតពិនិត្យទំនិញ ដែលជាម្ហូមអាហារនៅផ្សារ សម្ដេចតេជោរដើមក្រឡាញ់ ដែលមានទីតាំងនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចប្រចាំការ នៅក្នុងផ្សារក្រឡាញ់ មន្ត្រីជំនាញបានធ្វើតេស្ត រកសារធាតុគីមីហាមឃាត់ នៅក្នុងផលិត ផលម្ហូបអាហារ បានចំនួន ៩មុខ មានដូចជា (បង្គាថៃ, ប្រហិតសាច់គោ, ខ្ញីហ៊ាន់, មីលឿង, សរសៃលោត, គុយទាវបាញ់កាញ់, សណ្ដែកបណ្ដុះ, ស្ពៃជ្រក់, និង អំបិល) និងបានចុះត្រួត ពិនិត្យទំនិញវេចខ្ចប់ ដែលដាក់តាំងលក់ តាមតូបនៅជុំវិញផ្សារ ក្នុងបំណង់តាមដានទំនិញខុសភាព ប្រក្រតីដូចជា ផុតរយះពេលប្រើប្រាស់ កំប៉ុងប៉ោង កំពិត ច្រេសស៊ីជាដើម។
មន្រ្តីជំនាញដដែល បានឲ្យដឹងថា នៅពេលរសៀល យើងបានបន្តចុះត្រួតពិនិត្យទំនិញនៅផ្សារទឹកវិល ដែលមានទីតាំងនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ដោយមានការ សហការ ពីម្ចាស់ផ្សារ យើងបានធ្វើត្រួតពិនិត្យទំនិញវេចខ្ចប់ជាស្រេច នៅក្នុងផ្សារតាមតូបលក់អីវ៉ាន់ និងផ្ទះលក់ទំនិញនៅជុំវិញផ្សារ។
ក្រុមការងារ បានធ្វើការពង្រឹង ការអនុវត្តអនុក្រឹត្រលេខ ១៣៣ ចុះថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០០៥ ស្ដីពីការផ្សព្វផ្សាយការលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងប្រកាសរួមអន្តរក្រសួងលេខ ០៦១ចុះខែសីហា ឆ្នាំ២០០៧ ស្ដីពីការអនុវត្តន៍អនុក្រឹត្រនេះ។
នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ នៅផ្សារទាំងពីរខាងលើ ជាលទ្ធផលក្រុមការងារ បានធ្វើការដកហូតទំនិញ ដែលផុតសុពលភាពប្រើប្រាស់ បាននៅផ្សារទាំងពីរខាងលើរួមមាន៖
*ទី១៖ ផ្សារសម្តេចតេជោរដើមក្រឡាញ់បានចំនួន ១១kg និងទី២៖ នៅផ្សារទឹកវិល ដកហូតបានចំនួន ៨៤២.៧៦kg។
មន្រ្តីកាំកុងត្រូល ក៏បានណែនាំពីរបៀបដាក់តាំងលក់ផលិតផល កាលពិនិត្យមើលថ្ងៃផលិត ផុតកំណត់ ជៀសវាងកត្តាហេតុមួយចំនួន កើតឡើង ចំពោះសុខភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់៕